Saltar al contenido

រលាក​អញ្ចាញអាច​​បំផ្លាញ​ដល់សុខភាព​បេះដូង​​និង​ខួរក្បាល

12 de agosto de 2026 · 9 min

Notas del episodio

មាត់​ធ្មេញ​មិនមែន​មាន​ភារកិច្ច​ត្រឹម​តែ​ទំពារអាហារ​បញ្ជូន​ទៅ​ក្រពះ​ដើម្បី​ចិញ្ចឹម​សរីរាង្គកាយ​ទេ តែ​មាត់​ក៏​អាច​ជា​ច្រក​ផ្លូវ​នាំទៅ​រក​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ផង ប្រសិន​បើ​មាត់​គ្មាន​អនាម័យ បណ្តោយ​ឱ្យ​មាន​ជំងឺ​រលាក​អញ្ចាញ។ ដូច្នេះ​សូម​កុំ​ភ្លេច​តាម​ដាន​សុខភាព​អញ្ចាញ​ធ្មេញផង។

អ្នក​មាន​បញ្ហា​រលាក​អញ្ចាញ​បន្តិច​បន្តួច​មែនទេ? ជា​អាការៈ​តិច​តួចមែន ប៉ុន្តែ​សូម​ប្រយ័ត្ន ព្រោះ​អាច​មាន​គ្រោះថ្នាក់​ធំ ! បច្ចុប្បន្ន​នេះ ​ជំងឺរាក់ស៊ីធ្មេញដ៏​ស្រាល​ កំពុង​ក្លាយ​ជា​បញ្ហា​សុខភាព​សាធារណៈដ៏​ចម្បង។ ជិត​ពាក់​កណ្តាល​នៃ​មនុស្ស​ធំ​ពេញ​វ័យ​អាយុ​លើស​ពី​៥០ឆ្នាំ​ឡើង​ទៅ មាន​​ជំងឺ​រលាក​អញ្ចាញ​រ៉ាំរ៉ៃ​​ដែល​បំផ្លាញ​ជាលិកា​ទ្រង់ទ្រង់​ធ្មេញ​ដោយ​សន្សឹមៗ​ឬ​ហៅ​ថា​ជំងឺ​រាក់​ស៊ីធ្មេញ ក្នុង​នោះ ១៦%​ជា​ជំងឺ​រាក់​ស៊ីធ្មេញ​ធ្ងន់ធ្ងរ​។ អ្វី​ដែល​គួរឱ្យ​បារម្ភ​ខ្លាំង​នោះ គឺ​ជំងឺរលាក​អញ្ចាញ ​រាក់ស៊ី​ មិន​ធ្វើឱ្យ​ឈឺ (គ្មានផ្តល់​រោគសញ្ញា)។ អ្នក​ជំងឺ​ច្រើន​ណាស់​​មិន​បាន​ដឹង​ ទាល់​តែ​សោះ​ថា​ពួកគេ​មាន​បញ្ហា​រាក់ស៊ី និង​ចាប់​​ដឹង​នៅ​ពេលណា​​ជំងឺ​ចូល​ដល់​ដំណាក់កាល​ធ្ងន់​ខ្លាំងទៅ​ហើយ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត Adrian Brun ទន្តបណ្ឌិត​ឯកទេស​វះកាត់​ធ្មេញ​ នៅ​មន្ទីរពេទ្យ​ Henri-Mondor de Créteil និង​ជា​គ្រូ​​សាស្ត្រាចារ្យសន្និសីទ​នៅ​សកលវិទ្យាល័យParis-Cité។

​អញ្ចាញ​ចាប់​ផ្តើមរលាក​ ​​ដោយ​មូលហេតុ​ដ៏​សាមញ្ញ​បំផុត គឺ​ដោយ​បាក់តេរី​នាំ​គ្នា​នៅ​កក​ផ្តុំ​នៅ​តាម​ជើង​ធ្មេញ​ ត្រង់​ចន្លោះធ្មេញ​និង​អញ្ចាញ។​ កក​យូរៗ​ទៅ​ប្រព័ន្ធការពារ​ខ្លួន​ទប់​លែង​ឈ្នះ​។ នៅ​ពេល​ប្រឹង​ការពារ​ខ្លួន​ពេក​ សរីរាង្គ​បាន​បំផ្លាញ​បន្តិច​ម្តងៗ​ជា​លិកា​ក្នុង​មាត់​ដែល​​ទ្រទ្រង់​អញ្ចាញ​ សរសៃ​ចង ឬ​ឆ្អឹង និង​ដែល​យូរៗ​ទៅ​ អាច​ធ្វើ​ឱ្យ​ជ្រុះ​ធ្មេញ​តែម្តង។ ស្ថានភាព​បែប​នេះ គឺ​ជា​ការ​បើក​ផ្លូវ​ឱ្យ​មេរាគ​បាក់តេរីនានាៗ​ នៅក្នុង​មាត់ បាន​​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ចរន្ត​ឈាម​បាន។

តាំងពី​ជា​ច្រើន​សិប​ឆ្នាំ​មក​នេះ មានការ​សិក្សា​ច្រើន​ណាស់​លើ​ប្រធានបទ​នេះ​។ គ្រប់​ការ​សិក្សា​សុទ្ធ​តែ​មាន​សេចក្តី​សន្និដ្ឋាន​ដូច​ជា​គឺ​ជំងឺ​អញ្ចាញ​ធ្មេញ​មិន​ធ្វើ​ទុក្ខ​បុកម្នេញ​ ត្រឹម​ក្នុង​មាត់​ទេ។ ជំងឺ​រលាក​អញ្ចាញ​មាន​ទំនួល​ខុស​ត្រូវ​ច្រើន​ក្នុង​ការ​បង្កើត​គ្រោះ​ហានិភ័យ​ឱ្យ​មាន​ជំងឺ​ផ្សេង​ទៀត ដូច​ជា ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ និង​ជំងឺ​មេតាបូលិក​ បើ​និយាយ​ក្នុង​ន័យ​ទូលំទូលាយ។ នៅ​ឆ្នាំ​២០២៥ ការ​សិក្សា​អន្តរជាតិ​ជា​ច្រើន មាន​​អំណះ​អំណាង​កាន់​តែ​ច្បាស់​ បញ្ជាក់អំពី​ទំនាក់ទំនង​នៃ​ជំងឺ​រលាកអញ្ចាញ​ ដង្កូវ​ស៊ីធ្មេញ និង​ការ​កើន​ឡើង​នៃ​គ្រោះ​ហានិភ័ហ​មាន​ជំងឺ​ឡើង​សម្ពាធឈាម ទឹកនោម​ផ្អែម ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល។

សម្រាប់​ក្រុម​អ្នក​ជំនាញ ជំងឺ​រលាក​អញ្ចាញ​ធ្មេញ​និង​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ទាក់ទង​គ្នា​ទៅវិញ​ទៅ​មាន​តាម​រយៈ​យន្តការ​ជា​ឯកសិទ្ធ ពីរ។ នៅក្នុង​មាត់ ការរលាក​អញ្ចាញ​ឬរាក់ស៊ី ដ៏​តូច​តាច​សោះ​នេះ មាន​កម្លាំងនិង​ភាព​កំណាច​​ដូច​មាន​ដំបៅ​ធំប៉ិនបាតដៃ ដែល​ទៅ​ចុច​ដាស់​ប្រព័ន្ធ​ការពារ​ខ្លួន​ឱ្យ​កម្រើក​ប្រឆាំង​នឹង​ការ​ឈ្លានពាន​មក​ពី​ក្រៅ​ និង​លេច​ជា​អាការៈ​រលាក​ឡើង។ ការ​រាលរលាក​ដោយ​មេរោគ​នេះ​ សាយភាព​ឡើង​ពេលណា​វា​នឹង​ទៅ​ធ្វើ​រំខាន​ស្រទាប់​ការពារ​សរសៃឈាម​​អាទែ ឱ្យ​ចុះ​ទន់​ខ្សោយ។ នេះ​ជា​យន្តការ​ទីមួយ។ ចំណែក​យន្តការ​ទីពីរ គឺ​ដំណើរ​ឆ្លង​បាក់តេរីក្នុងមាត់​ ​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម។ ថ្វីបើ​គ្មាន​បង្ក​ឱ្យមានចម្លង​រោគ​ធ្ងន់ធ្ងរ​មែន តែ​ពពួក​បាក់តេរី​ក្នុង​មាត់​ អាច​ទៅ​តោង​កកផ្តុំ​នៅ​តាម​ផ្ទៃ​នៃ​សរសៃ​ឈាម​ ទាំង​ឡាយ រួច​សម្រួល​ឱ្យ​មាន​កកស្ទះ ដាច់​សរសៃឈាម​នោះ ពោល​គឺ​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ដំណើរ​មាន​គ្រោះ​ថ្នាក់​ដាច់​ឬ​ស្ទះ​សរសៃ​ឈាម​ក្នុង​ខួរក្បាល ​ឬ​កកស្ទះ​ដាច់​សរសៃ​ឈាម​នៅ​បេះដូង​​ (ស្លោកបេះដូង)។

ចុះ​ជា​មួយ​ជំងឺ​ទឹកនោម​ផ្អែម​វិញ? កាលពី​មុន​គេ​គ្មាន​ភស្តុតាង​ជាក់ស្តែង​បញ្ជាក់​អំពី​ទំនាក់ទំនង​នៃ​សុខភាព​មាត់ធ្មេញ​និង​ជំងឺ​ទឹក​នោម​ផ្អែម។ ប៉ុន្តែ​ពេល​នេះ លែង​ជា​ការ​សន្និដ្ឋាន​ទៀត​ហើយ។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ទំនាក់ទំនង​ពិតនិង​ទៅ​វិញ​ទៅ​មក ​នៃ​ជំងឺ​អញ្ចាញ​និងជំងឺ​​ទឹកនោម​ផ្អែម។ ជំងឺ​រលាក​អញ្ចាញ-រាក់ស៊ីធ្មេញ ធ្វើ​ឱ្យ​សរីរាង្គកាយ​ពិបាក​ចាត់​ចែង​លំនឹង​ជាតិ​ស្ក ​ឯ​ជំងឺ​ទឹកនោម​ផ្អែម​នឹង​ធ្វើ​ឱ្យ​ជំងឺ​អញ្ចាញ​កាន់​តែ​ធ្ងន់ធ្ងរ។​

​មាន​បាក់តេរី​ខ្លះ ​អាច​​រំខាន​សកម្មភាព​អាំងស៊ុយលីន។ ការរលាក បង្ក​ឡើងដោយ​បាក់តេរី ​ក៏​អាច​រំខាន​​ដំណើរការ​របស់​អាំងស៊ុយលីន ​ក្នុង​ការ​ផលិត​ជាតិ​ស្ករ​សម្រាប់ចិញ្ចឹម​​កោសិកា។ ការ​រំខាន​អាច​ធ្វើ​ឱ្យ​​​​អត្រា​ជាតិ​ស្ករក្នុង​ឈាមឡើង​​ខ្ពស់ ឬ​ហៅ​ថា​ទឹក​នោម​ផ្អែម។ ដូច្នេះ​ ចំពោះ​​បុគ្គលណា ​ដែល​ប្រុង​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ វត្តមាន​នៃ​ជំងឺ​អញ្ចាញ (រាក់ស៊ីធ្មេញ) ​នឹង​​សម្រួល​​ ឱ្យ​កាន់​តែ​ឆាប់​លេច​ជា​ជំងឺ​ទឹក​នោម​ផ្អែម​។ ​ ផ្ទុយ​ទៅ​វិញ​ ​អ្នកមាន​​ជំងឺ​ទឹក​នោម ដែល​​​បានទទួល​ការ​​​ព្យាបាល​​ជំងឺ​អញ្ចាញត្រឹម​ត្រូវ ​​ អត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​ជំងឺ​នោះ ​ក៏​ងាយ​គ្រប់គ្រង។ មាន​ន័យថា​ ព្យាបាល​អញ្ចាញ​អាច​គ្រប់គ្រង​ជំងឺទឹកនោម​បាន​ប្រសើរ​ឡើង។ ​យន្តការ​នេះ​ជា​ភស្តុតាង​បញ្ជាក់​ថា ជំងឺ​ទឹកនោម​ផ្អែម​និង​ជំងឺ​អញ្ចាញ​មាន​អន្តរកម្ម​គ្នា​ទៅ​វិញ​មក យ៉ាង​ខ្លាំង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ បើ​តាម​លោក​វេជ្ជបណ្ឌិត Adrian Brun ដដែល គ្រូពេទ្យ​បារាំង​បាន​បញ្ចូល​ការ​ព្យាបាល​ជំងឺ​រាកស៊ីធ្មេញ ទៅ​ក្នុង​កម្មវិធី​ព្យាបាល​ជំងឺ​បង្ក​រោគ​រ៉ាំរ៉ៃ​ជា​ច្រើន មាន​ជា​អាទិ៍​ជំងឺ​ទឹក​នោម​ផ្អែម​នេះ​ឯង។ គ្រូពេទ្យ​​ជំនាញ​នៅ​មន្ទីរពេទ្យ​ Lariboisière ប្រទេស​បារាំង កំពុង​ចាប់​ផ្តើម​យុទ្ធនាការ​ សិក្សា​ដ៏​ធំ​មិនធ្លាប់​មាន​មួយ គឺ​តាមដាន​សុខភាព​របស់​​គ្រប់​អ្នក​ជំងឺ​ទើ​ប​មាន​គ្រោះ​ថ្នាក់​ស្ទះ​ឬ​ដាច់​សរសៃ​ឈាម​ខួរក្បាល ស្ត្រូប​ ជា​ភាសា​អង់គ្លេស ឬ​អាវេសេ ជា​ភាសា​បារាំង ក្រោយ​ពី​បាន​ទទួល​​ការ​ព្យាបាល​​​សុខភាព​មាត់​ធ្មេញ​អញ្ចាញ ដើម្បី​អាច​វាស់​ស្ទង់​អំពី​ផល​ប៉ះពាល់នៃ​កំណក​នៅ​លើ​ផ្ទាំង​សរសៃ​ឈាម​ និង​ហានិភ័យ​នៃ​ការ​លាប់​ជំងឺ​ស្ត្រូប។

ថា​មិន​ត្រូវ​ អនាគត​ទៅ​គេ​ប្រហែល​ជា​អាច​ត្រូវ​ប្រកាស​ថា​ ការ​ថែរក្សា​សុខភាព​មាត់​ធ្មេញ គឺ​ជា​សរសរទ្រូង​នៃ​ការកាពារ​ជំងឺ​សរសៃ​ឈាម​បេះដូង ផង​ក៏ថា​បាន។ មាន​ន័យ​ថា​ បើ​​ការការពារ​អញ្ចាញ​ គឺ​ជា​ការការពារ​បេះដូង​និង​ខួរក្បាល​ឬ?

ដើម្បីការពារ​និង​ថែរក្សា​​អញ្ចាញ ក្រុមគ្រូពេទ្យ​ជំនាញ មាន​អនុសាសន៍​បី​យ៉ាង៖

  • កុំ​ធ្វើ​ដូច​គ្មាន​ហេតុ​អ្វីកើត​ឡើង នៅ​ពេល​ចេញ​ឈាម​អញ្ចាញ។ ឈាម​អញ្ចាញ​នៅ​ពេល​ដុះ​សម្អាត​ធ្មេញ មិនមែន​ជា​រឿង​ធម្មតា​ទេ។ ដុះ​ធ្មេញ​ចេញ​ឈាម ជា​សញ្ញា​ប្រាប់​ថា មានករណី​រលាក​អញ្ចាញ​បណ្តាលមក​ពី​កំណកបាក់តេរី​នៅក្រោម​អញ្ចាញ។ នៅពេលឃើញ​អញ្ចាញ​ចេញ​ឈាម មនុស្ស​ជា​ច្រើន​នាំ​គ្នា​ប្រយ័ត្ន​លែង​ដុះ​ធ្មេញ​​ត្រង់​តំបន់​ដែល​ហូរ​ឈាម​នោះ។ តែ​ជា​ការ​គិត​ខុស​ព្រោះមិនសម្អាត​ធ្មេញ​នឹង​ធ្វើ​ឱ្យ​ស្ថានភាព​អញ្ចាញ​រលាក​កាន់​តែ​ធ្ងន់ធ្ងរ។ ផ្ទុយទៅ​វិញ ត្រូវ​ប្រឹង​និង​បន្ថែម​ការ​សម្អាត​ធ្មេញ ដោយ​ជ្រើសរើស​ច្រាស​ដែល​មាន​សរសៃ​ទន់​ តែ​តឹងណែន​ល្អ។ ពីរ​បី​ថ្ងៃ​ដំបូង​ អញ្ចាញ​បន្ត​ចេញ​ឈាម​កាន់​តែ​ច្រើនជាង​មុន​បន្តិច នៅ​ពេល​ដុះ​សម្អាត រួច​ក៏​ចាប់​ចុះ​ថយ​បន្តិចម្តងៗ​នៅ​ពេល​ស្ថានភាព​រលាក​ចាប់​ធូរ។
  • ប្រើ​កូន​ច្រាស​ចាក់​ចន្លោះ​ធ្មេញ។ រាក់ស៊ីធ្មេញ តែង​ចាប់​ផ្តើម​ ក្នុងករណីភាគច្រើន នៅ​ត្រង់​ចន្លោះ​ជើង​ធ្មេញ ពីធ្មេញមួយទៅ​ធ្មេញ​មួយ គឺ​ត្រង់​កន្លែង​ដែល​ច្រាស​ធម្មតា​មិន​អាច​ដុះ​ដល់។ ខ្សែ​ទាក់​សម្អាត​ធ្មេញ ជាទូទៅ​ ក៏​មិន​ទាន់​គ្រប់​គ្រាន់ដែរ។ គេ​ចាំបាច់​ត្រូវ​តែប្រើ​​ច្រាសចាក់​ធ្មេញ​ដែល​មាន​សរសៃអាច​អូស​​ទាញ​​​បាក់តេរី​ចេញ​ពី​គល់​និង​ ចន្លោះ​ធ្មេញ​អស់។ ការ​ប្រើប្រាស់​ច្រាសចាក់ធ្មេញ​ ជា​ការ​សម្អាត​ធ្មេញ​បន្ថែម​ពី​លើ​ការងារ​ច្រាស​ធម្មតា និង​ជា​ផ្នែក​នៃ​ការព្យាបាល​រោគ​រាក់ស៊ីធ្មេញ។ បើ​មិន​ប្រើ​ច្រាស​ចាក់​ចន្លោះធ្មេញ​ទេ មានន័យ​ថា​ផ្ទៃ​ធ្មេញ​ប្រមាណ​៤០% មិន​បាន​ទទួល​ការ​សម្អាត​ដោយ​ត្រឹម​ត្រូវ។ ច្រាសចាក់​ធ្មេញ​មិន​ដូច​គ្នា​គ្រប់​ម៉ាក​ទេ និង​មាន​ច្រើន​លេខ។ ត្រូវ​ជ្រើសរើស​ច្រាស​ណា​ដែល​មាន​សរសៃ​ញឹក ទន់ ធំ​ល្មម​នឹង​ចន្លោះ​ធ្មេញ ពេល​ចាក់​​ចូល​ទៅ​វា​អាច​ដុះ​ធ្មេញ​និង​អញ្ចាញ ដោយ​មិន​បាច់​ប្រឹង​។ បើ​ចាក់​ចូល​ទៅធូរៗ​ក៏​គ្មាន​ប្រសិទ្ធភាព​ដែរ។
  • ថែទាំសុខភាព​ជាទូទៅ។ ជក់​បារី មិនព្យាបាលជំងឺ​ទឹកនោមផ្អែម​ឱ្យ​ត្រឹមត្រូវ មាន​របប​អាហារ​គ្មាន​លំនឹង​ បង្កើន​គ្រោះ​រាក់ស៊ីធ្មេញ​ខ្លាំងណាស់។ អញ្ចាញ​រលាក​ អញ្ចាញ​ខ្សោយ​ តែង​ឆ្លុះ​ឱ្យ​ឃើញ​អំពីស្ថានភាព​​សុខភាពនៃ​​រាងកាយ​ទាំង​មូល។ តាមដាន​ ថែថួន​សុខភាព​អញ្ចាញ​ មាត់​ធ្មេញ ដោយ​ទៅ​ជួប​គ្រូពេទ្យ​ឱ្យ​បាន​ទៀង​ទាត់ បញ្ចេញ​សកម្មភាព​លុប​បំបាត់​កត្តាហានិភ័យ​ នឹង​ជួយ​រក្សា​លំនឹង​​សុខភាព​មាត់ធ្មេញ​និងសរីរាង្គកាយ​ទាំង​មូល ប្រកប​ដោយ​ចីរភាព៕

Todos los episodios de នាទីសុខភាពនិងអនាម័យ

Ajustes

Visualización

Idioma

Determina qué emisoras ves primero en la página de inicio.

Historial

Las emisoras y episodios escuchados recientemente y tus últimas búsquedas solo se guardan en este navegador.

Avisos

Un breve aviso cuando un pódcast que sigues tiene un episodio nuevo. Puedes desactivar pódcast concretos con la campana de su página.

Cuenta

Guarda tus favoritos: en la app y en la web.

Atajos de teclado

/
Abrir búsqueda
Espacio
Reproducir o pausar
← →
En el reproductor: 15 s atrás, 30 s adelante (episodios) · en una fila: siguiente tarjeta
↑ ↓
En una fila: destino dentro de la tarjeta
Inicio / Fin
En una fila: primera o última tarjeta
Esc
Cerrar ventana o menú
?
Este resumen
Reproduciendo ahora

Ir a la emisora

A continuación

    Añade episodios con «A continuación»: sonarán después del episodio actual.