Aller au contenu

តើក្មេងជំទង់ងាយមានវិបត្តិផ្លូវចិត្ត អ្វីខ្លះ ?

9 septembre 2026 · 8 min

Notes de l’épisode

គេថាក្មេងជំទង់ ជាវ័យដ៏ល្អនិងរីករាយបំផុត នៃជីវិត។ ប៉ុន្តែអន្តរកាលនេះ អាច​មាន​វិបត្តិ​ច្រើន និង​យូរ ទម្រាំ​ឆ្លង​ផុត សម្រាប់​ក្មេង​ជំទង់ខ្លះ។ បើតាម​អង្គការ​សុខភាព​ពិភពលោក ក្នុងចំណោម​ក្មេង​ជំទង់​អាយុពី ១០​ទៅ​១៩​ឆ្នាំ ៧​នាក់ មាន​ម្នាក់​រង​វិបត្តិ​ផ្លូវចិត្ត ដូចជា​មាន​ជំងឺ​បាក់​ទឹកចិត្ត ជំងឺ​ថប់បារម្ភ ឬ​ជំងឺ​ញៀន (ញៀនថ្នាំ ញៀន​ល្បែង​ស៊ីសង-ហ្កេម ញៀន​ស្រា)។ ជា​បឋម​វ័យ​ដ៏​ស្រស់​ផូរផង់ ហេតុអ្វី​ក្មេង​ក្នុង​វ័យ​នេះ​ងាយ​និង​ឆាប់​ធ្លាក់​ក្នុង​គ្រោះ​ញៀន មាន​វិបត្តិ​ផ្លូវចិត្ត ?

វ័យ​ជំទង់​ជា​ដំណាក់​ពិសេស​និង​ជា​វ័យ​កំណត់​អនាគត។ ការប្តូរផ្លាស់​រូបរាង​កាយ អារម្មណ៍ សង្គម បរិយាកាស​ជុំវិញ​ខ្លួន កត្តា​សម្ភារៈ​ភាពក្រីក្រ អំពើ​ហិង្សា រង​ការព្យាបាទ សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ក្មេងស្រី ក្មេងប្រុស​ក្នុង​វ័យជំទង់​ជួប​វិបត្តិ​ផ្លូវចិត្ត​បាន។ នៅលើ​ពិភពលោក​បច្ចុប្បន្ន ក្នុង​ចំណោម​មនុស្ស​៦​នាក់ ម្នាក់​មាន​អាយុ ពី១០​ទៅ១៩ឆ្នាំ។ ហើយ​ក្មេង​ក្នុង​វ័យ​នេះ ម្នាក់​ក្នុង​ចំណោម​៧​នាក់ (១៤%នៃ​ប្រជាពលរដ្ឋ​នៅលើ​ផែនដី) មាន​បញ្ហា​ផ្លូវចិត្ត និង មិន​បាន​ទទួល​ការយក​ចិត្ត​ទុក​ដាក់​ព្យាបាល​ទេ។

វិបត្តិ​ផ្លូវចិត្ត​ចម្បងៗ​ដែល​អាច​លេច​ឡើង​នៅ​ក្នុង​វ័យជំទង់ និង ទើប​ពេញ​វ័យ​ភ្លាម ច្រើន​តែ​ជា ជំងឺ​ថប់​ព្រួយ​បារម្ភ ជំងឺ​បាក់​ទឹកចិត្ត វិបត្តិ​ចំណីអាហារ និង​ញៀន។

វិបត្តិផ្លូវចិត្ត

តាមការពិត វ័យជំទង់ ដែល​ល្បីថា​ដំណាក់កាល​ដ៏​រីករាយ​បំផុត​នៃ​ជីវិត ជា​ដំណើរ​ឆ្លង​អន្តរកាល​ទៅ​រក​ភាព​ពេញ​វ័យ ក្លាយ​ជា​មនុស្ស​ធំ នា​ពេល​អនាគត ដែល​រំលេច​ទៅ​ដោយ​វិបត្តិ និង ដែល អ្នក​ម្តាយ​លោក​ឪពុក​ខ្លះ ហៅ​ថា​ជា​ដំណាក់កាល​កូន​អកត្តញូ។ ក្នុងរយៈពេល​នេះ ក្មេង​មាន​ការប្តូរ​ផ្លាស់​រាងកាយ​ផង ត្រូវ​ចាប់​ផ្តើម​ប្រកាន់​ទម្លាប់​សម្រប​ខ្លួន​ទៅ​នឹង​សង្គម​ផង សម្រប​អារម្មណ៍​ខ្លាំង​ដើម្បី​ផាសុកភាព​ផ្លូវចិត្ត​ផង។ មាន​កត្តា​ជាច្រើន​អាច​ជះ​ឥទ្ធិពល​លើ​សុខភាព​ផ្លូវចិត្ត ដូចជា ភាពលំបាកលំបិន សម្ពាធ​ចង់​ដូច​គេ​ឯង សម្ពាធ​ស្វែង​រក​អត្តសញ្ញាណ។ ឥទ្ធិពល​នៃការ​ផ្សព្វផ្សាយ​ព័ត៌មាន និង ស្តង់ដារ​មនុស្ស អាច​ធ្វើ​ឲ្យ​មាន​គម្លាត​ខ្លាំង​រវាង​ការពិត​ជាក់ស្តែង ដែល​យុវវ័យ​កំពុង​ឆ្លងកាត់ និង​គំនិត​ ឬ​ក្តី​ស្រមៃ​សម្រាប់​អនាគត​ពីមុន។ គុណភាព​ជីវិត​ក្នុងគ្រួសារ ទំនាក់ទំនង​ជាមួយ​ក្មេង​វ័យ​ស្របាល​គ្នា ក៏ជា​កត្តា​កំណត់​សុខភាព​ផ្លូវចិត្ត​មួយ​ដែរ​របស់​ក្មេង​ជំទង់ ។ អំពើ​ហិង្សា (ជាពិសេស​អំពើ​ហិង្សា​ផ្លូវភេទ និង​ការបំពារបំពាន) ការអប់រំ​បែប​តឹងតែង​ផ្តាច់ការ​ និង​ការលំបាក​ផ្នែក​ថវិកា​សេដ្ឋកិច្ច សុទ្ធតែ​ជា​ផ្នែក​មួយ ដែល​អាច​បង្កើន​គ្រោះ​ហានិភ័យ​នាំ​ឲ្យ​ក្មេងជំទង់ ងាយ​មាន​ជំងឺ​ផ្លូវចិត្ត។

ក្មេងជំទង់​ស្រី​ប្រុស​ខ្លះ ធ្លាក់ខ្លួន​មាន​គ្រោះ​កើត​ជំងឺ​ផ្លូវចិត្ត ដោយហេតុ​តែ​លក្ខខណ្ឌ​ជីវិត ការរើសអើង ប្រកាន់​វណ្ណៈក្នុង​សង្គម ឬ​កង្វះ​លទ្ធភាព​ទទួល​បាន​ការ​ថែទាំ ប្រកប​ដោយ​គុណភាព មាន​ជា​អាទិ៍​ក្រុម​ក្មេង​ក្រីក្រ​ខ្លាំង រស់​ក្នុង​វិបត្តិ​មនុស្សធម៌ មាន​ជំងឺ​ប្រចាំ​កាយ មាន​ពិការភាព​ផ្នែក​បញ្ញាញាណ ប្រព័ន្ធ​ប្រសាទ ឬ ជា​ក្មេង​កំព្រា ក្មេង​ប្រសូត​ចេញ​ពី​គ្រួសារ​ជនជាតិ​ភាគតិច គ្រួសារ​ធា្លប់​រង​គ្រោះ​ផ្លូវភេទ ។ល។

ខុសពីការគិត ដែល​យល់​ថា នៅ​ក្មេង​មិន​ដឹង​ខ្យល់ មិន​ចេះ​ខ្វល់ អារម្មណ៍​ថប់​បារម្ភ ឆាប់​ភ័យ​ស្លន់ស្លោ ឬ​គិត​ភ័យ​ជ្រុល​ហួសហេតុ ជា​អាការៈ​ដែល​កើត​មាន​ជា​ញឹកញាប់​ខ្លាំង​ជាងគេ លើ​ក្មេង​ក្នុង​វ័យ​ជំទង់ និង កាន់តែ​ច្រើន​ទៀត ចំពោះ​ក្មេង​ទើប​ពេញ​វ័យ។ ក្មេង​អាយុ​ពី​១៥ ទៅ ១៩​ឆ្នាំ ​ចំនួន​ដល់​ទៅ​៥,៣% មាន​វិបត្តិ​ថប់​បារម្ភ និង​៣,៤%​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត។ នេះ​បើ​គេ​ជឿ​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក។ រោគ​សញ្ញា​នៃ​ជំងឺ​បាក់​ទឹកចិត្ត និង​ថប់បារម្ភ មាន​លក្ខណៈ​រួម គឺ​ក្មេង​មាន​ការប្តូរផ្លាស់​អារម្មណ៍​យ៉ាង​លឿន​រហ័ស។ វិបត្តិ​នេះ​អាច​ជះ​ផលវិបាក​ធ្ងន់ធ្ងរ ទៅលើ​ការសិក្សា មិន​ចង់​ចូល​រៀន ឬ​រៀន​មិន​ទាន់ ហើយ​មូរមុខ ចង់​ផ្តាច់​ខ្លួន​ឲ្យ​នៅ​ម្នាក់​ឯង ឯកា និង​ឈាន​ដល់​ការ​បាក់​ទឹកចិត្ត​ខ្លាំង​រហូត​ចង់​ធ្វើ​អត្តឃាត​បាន។

វិបត្តិចំណីអាហារ

ក្រៅអំពី​វិបត្តិ​ផ្លូវចិត្ត ក្មេងជំទង់​អាច​មាន​វិបត្តិ​ចំណី​អាហារ ដោយអាច​ជា​ការ​បង្អត់​អាហារ​ខ្លួន​ឯង ឬ​បរិភោគ​ច្រើន​និង​ញយ​ជ្រុល ក្នុង​ក្តី​បារម្ភ​ខ្វល់​វិល​ជុំវិញ​តែ​ទម្ងន់​និង​រូបរាង​កាយ។ ការបង្អត់​អាហារ​ឲ្យ​ស្គម ដូចការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ឬ​ឲ្យ​ដូច​យុវវ័យ​ទំនើប​ទាន់​សម័យ ភាគច្រើន​មាន​ពាក់ព័ន្ធ​នឹង​ក្មេង​ស្រី ក្នុង​បី​លើ​បួន​ករណី។ វិបត្តិ​ចំណី​អាហារ របស់​ក្មេង​ជំទង់ ឬ​ក្មេង​ទើប​ពេញ​វ័យ អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​រាងកាយ និង​តែង​ជាប់​អម​ជាមួយ​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត ជំងឺ​ថប់បារម្ភ និង​វិបត្តិ​ប្រើ​សារធាតុ​ញៀន។ បើ​និយាយ​ដោយ​ឡែក​តែ​វិបត្តិ​បង្អត់​អាហារ​ឲ្យ​ស្គម វាអាច​ធ្ចើ​ឱ្យ​ក្មេង​ស្លាប់​មុន​អាយុ​បាន។ ផល​វិបាក​នៃ​ការបង្អត់​អាហារ​ដោយ​ខ្លាច​ធាត់ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ណាស់ និង​អាច​នាំ​ដល់​ការធ្វើ​អត្តឃាត​ផង។ អត្រា​មរណៈ​ដោយ​ហេតុផល​នេះ មាន​កំរិត​ខ្ពស់​ជាង​អត្រា​ស្លាប់​ដោយ​វិបត្តិ​ផ្លូវចិត្ត​ផ្សេងៗ​ទៀត។

វិបត្តិញៀន

ជាវ័យឈាមរាវ ក្មេងជំទង់​អាច​បញ្ចេញ​ចរិត​រឹងរូស ទង្វើ​បែប​ហួសហេតុ​ខ្លាំង ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ឬ​ធ្វើអ្វី​តាម​ទំនើង​ដោយ​ចង់​ផ្គើន​ចិត្ត​ឪពុកម្តាយ ល្មើស​វិន័យ និង​ល្មើស​ច្បាប់​ទៀត​ផង។ អត្តចរិក​បែប​នេះ ខ្លះ​ជា​សញ្ញា​បញ្ជាក់​អំពី​កង្វះខាត​ផ្នែក​សម្របសម្រួល​ខ្លួន​ក្នុង​ការសិក្សា ឬជា​ការ​លំបាក​ក្នុង​ការសម្រប​ខ្លួន​ចូល​ក្នុង​សង្គម ជួនជា​យុទ្ធសាស្ត្រ​ប្រឈម​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត។ ក្មេង​ក្នុង​ស្ថានភាព​បែប​នេះ ងាយ​នឹង​ធ្លាក់​ខ្លួន ទៅ​ក្នុង​គ្រោះ​ហានិភ័យ ប្រើ​អំពើ​ហិង្សា​លើ​ខ្លួនឯង​និង​ទៅ​លើ​អ្នក​ដទៃ ប្រកាន់​ទង្វើ​បែប​គ្រោះថ្នាក់​បើកបរ​លឿន​ជ្រុល ឬ​ធ្វើ​កីឡា​ច្រើន​ជ្រុល និង​ជា​ពិសេស លង់​ក្នុង​ឧបាយ​ប្រើប្រាស់​វត្ថុ​នាំ​ឲ្យ​ញៀន ដែល​អាច​ជា​បារី ស្រា គ្រឿង​ញៀន​កញ្ឆា អាភៀន ថ្នាំញៀន​សំយោគ និង​ការញៀន​ដោយ​គ្មាន​ប្រើ​ជាតិ​ថ្នាំ ពោល​គឺញៀន​ល្បែង​ស៊ីសង ល្បែង​ភ្នាល់ ល្បែង​វីដេអូ ល្បែង​បណ្តាញ​សង្គម ញៀនទូរស័ព្ទ។ វក់នឹង​សារធាតុ​អ្វី​មួយ ឬ​សកម្មភាព​អ្វី​មួយ រហូត​ធ្វើ​ឲ្យ​ខូច​សុខភាព ត្រូវ​បាន​

ចាត់​ទុក ថា​ជាជំងឺ ញៀន ហើយ។ បើតាម​អង្គការ​សុខភាព​ពិភពលោក ក្មេង​ជំទង់​ជា​ជន​ងាយ​រងគ្រោះ​ធ្លាក់​ក្នុង​ឧបាយ​ប្រើ​សារធាតុ​អាក្រក់ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​នៅថ្ងៃ​ក្រោយ​និង​ពេញ​មួយ​ជីវិត។ នៅឆ្នាំ២០១៩ ប្រេវ៉ាឡង់​ក្មេង​ជំទង់​ស្រី​ប្រុស​ផឹកស្រា​បាន​កើនឡើង​យ៉ាង​ខ្លាំង​នៅ​ទូទាំង​ពិភពលោក (២២%)។ ការ​ជក់​បារី ជក់​កញ្ឆា ក៏កើនឡើង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែរ។ ប្រេវ៉ាឡង់​ពិភពលោក​នៅ​ឆ្នាំ២០២២ បាន​បង្ហាញ​ថា អត្រា​ក្មេង​ជំទង់ (១៥ទៅ១៩ឆ្នាំ) ជក់កញ្ឆា មានកំ​រិត​ខ្ពស់​ជាង​អត្រា​មនុស្ស​ធំ​ប្រព្រឹត្តកញ្ឆា​ទៅទៀត។

ដើម្បីឲ្យក្មេងជំទង់​មាន​សុខភាព​ល្អ មាន​អារម្មណ៍​ល្អ​ពេញ​ចិត្ត​ខ្លួន​ឯង​ក្នុង​ជីវិត​យុវវ័យ មុន​នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ធំ​ពេញវ័យ ត្រូវ​ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ពួកគេ​ដើរ​ធ្លាក់ រណ្តៅ តែ​បាន​រៀន​សូត្រ​ចូល​សង្គម មាន​សុខភាព​ផ្លូវចិត្ត​ល្អ និង ទទួល​បាន​ការថែ​ទាំ​ព្យាបាល ទាំង​ផ្នែក​ចិត្តសាស្ត្រ និង កាយសាស្ត្រ។

ការគ្រប់គ្រង​សុខភាព​ផ្លូវចិត្ត របស់​ក្មេង​ជំទង់ ជា​ភារៈ​របស់​ឪពុកម្តាយ និង របស់​សង្គម​ទាំងមូល។ ក្នុង ន័យ​នេះ អង្គការ​សុខភាព​ពិភពលោក បាន​ខ្នះខ្នែង​ដាក់​ឲ្យ​មាន​យុទ្ធសាស្ត្រ កម្មវិធី និង​ឧបករណ៍​សម្រាប់​ជួយ​រដ្ឋាភិបាល ក្នុង​ការឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវការ​ផ្នែក​សុខភាព​របស់​យុវជន និង​យុវតី​ដល់​ថ្នាក់​មូលដ្ឋាន។ កម្មវត្ថុ គឺ​ការពារ​និង ថែរក្សា​សុខភាព​ផ្លូវចិត្ត​ក្មេង ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ក្មេង​ចេះ​គ្រប់គ្រង​អារម្មណ៍ ដើរ​ផ្លូវល្អ កុំ​មាន​ឥរិយាបថ​បែប​គ្រោះថ្នាក់ លង់​ប្រើ​សារធាតុ​ពុល​ដល់​សុខភាព​ដូចជា គ្រឿង​ស្រវឹង និង​គ្រឿង​ញៀន ដែល​នាំ​ផលវិបាក​អវិជ្ជមាន​ដល់​សុខភាព​ផ្លូវចិត្ត និង​រាងកាយ៕

Tous les épisodes de នាទីសុខភាពនិងអនាម័យ

Paramètres

Affichage

Langue

Détermine les stations affichées en premier sur la page d’accueil.

Historique

Les stations et épisodes écoutés récemment et tes dernières recherches sont seulement enregistrés dans ce navigateur.

Notifications

Un court message quand un podcast que tu suis publie un nouvel épisode. Désactive un podcast précis avec la cloche sur sa page.

Compte

Enregistrez vos favoris – dans l’app et sur le site.

Raccourcis clavier

/
Ouvrir la recherche
Espace
Lecture ou pause
← →
Dans le lecteur : 15 s en arrière, 30 s en avant (épisodes) · dans une rangée : tuile suivante
↑ ↓
Dans une rangée : cible dans la tuile
Début / Fin
Dans une rangée : première ou dernière tuile
Esc
Fermer la fenêtre ou le menu
?
Cet aperçu
En cours de lecture

Voir la station

À suivre

    Ajoutez des épisodes avec « À suivre » – ils seront lus après l'épisode en cours.