Zum Inhalt springen

តើម្រេចមានគុណប្រយោជន៍ យ៉ាងណាខ្លះ ?

26.08.2026 · 10 Min.

Shownotes

ម្រេចជា គ្រឿង ទេស ដែល មាន ប្រើក្នុងស្ទើរគ្រប់មុខម្ហូប នៅលើពិភពលោក។ ទទួលទាន ស្ទើរជារៀងរាល់ថ្ងៃ ម្រេចល្បីថាមានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព។ តើជាគុណប្រយោជន៍​អ្វីខ្លះទៅ ? ម្រេចកិន ម្រេចមូល ម្រេចខ្ចី ម្រេចទុំ មានគុណសម្បត្តិដូចគ្នាទេ ? តើគួរជ្រើសរើស​ទទួលទាន ម្រេច ស ខ្មៅ ក្រហម ឬម្រេចស្រស់?

ក្នុងសម័យយុគកណ្តាល ម្រេច ជា​គ្រឿងទេស ដែល តំណាង​ឲ្យ​ភាព​មាន​បាន។ បច្ចុប្បន្ន ម្រេច​ជា​គ្រឿង​ទេស​ដែល​មាន​ប្រើ​នៅ​ទូទាំង​ពិភពលោក មិនថា នៅ​ទ្វីប​អឺរ៉ុប អាមេរិក អាស៊ី ឬអូសេអានី និង​អាហ្វ្រិក​ទេ។ នៅតាម​អាហារដ្ឋាន​តូចតាច តាម​ចិញ្ចើមថ្នល់ ដល់​ភោជនីដ្ឋាន​លំដាប់​ផ្កាយ ក៏​ដូច​ជា នៅ​តាម​ផ្ទះ ម្រេច​បាន​បង្ហាញ​វត្តមាន​យ៉ាង​សង្ហា នៅលើ​​តុបាយ ឬ​នៅ​ក្នុង​ចង្ក្រាន។ រសជាតិ​ហិរ​ប្រហើរ ក្លិន​ស្រាល ឈ្ងុយ អាច​ដាក់​រោយ​លើ​ស្ទើរ​គ្រប់​ម្ហូប​ឆ្អិន​ហើយ ឬ​នៅ​ពេល​កំពុង​ចម្អិន។

ទទួលទានស្ទើរជារៀងរាល់ថ្ងៃ ដើម្បី​លើក​រសជាតិ​ម្ហូបអាហារ និង ដោយ​មិន​ដឹង​ពិត ប្រាកដ​អំពី​គុណសម្បត្តិ​របស់វា ម្រេច​ជា​គ្រឿងទេស ដែល​មា​ន​ប្រើ​តាំ​ងពី​យូរយារ​ណាស់​មក​ហើយ សម្រាប់​ផ្សំ​ធ្វើ​ជា​ឱសថ​ព្យាបាល​ជំងឺ នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​បុរាណ។ ឧស្សាហកម្ម​រុក្ខឱសថ សម័យ​បច្ចុប្បន្ន​ក៏​មាន​ប្រើ​ម្រេច ជា​សមាស​ធាតុ​ផ្សំ ច្រើនដែរ។ ចាស់​ទុំ​ខ្មែរ ក៏​ណែនាំ​ឲ្យ​ស្ត្រី​ទើប​ឆ្លង​ទន្លេ​រួច ទទួល​ទាន​ម្រេច​ជា​ម្ហូប ដើម្បី​កម្តៅ​សរសៃ​ខ្ចី តែ​ហាម​មិន​ឲ្យ​បរិភោគ​ម្ទេស​ទេ ក្នុង​អំឡុង​ពេលកូនខ្ចី​បំបៅដោះ។ ចំពោះ ពួកគាត់ ម្រេច​និង​ម្ទេស មាន​រសជាតិ​ហិរ​ខុសគ្នា និង​ផ្តល់​ផលវិបាក​ក៏​ខុសគ្នា។

ម្រេចមានអំណាចអង់ទីអុកស៊ីដង់

រសជាតិ​ហិរ​របស់​ម្រេច មាន​លក្ខណៈ​ពិសេស​ប្លែក ដោយសារ​សមាសធាតុ​ជីវៈសកម្មធម្មជាតិ Piperine ដ៏​ចម្បង​របស់​គ្រាប់​ម្រេច។ Piperine ជា​មូលេគុល​ជីវសាស្ត្រ​ពពួក alcaloïde ដែល​មាន​សកម្មភាព ខ្លាំងខាង​បញ្ចេញ​ជាតិ​ពុល​ការពារខ្លួន(ដើមឈើ)។ សមាសធាតុ​ដ៏​ចម្បង​របស់​ម្រេច​នេះ អាចមាន​ឥទ្ធិពល​ល្អ​ច្រើន ទៅលើ​សរីរាង្គ​មនុស្ស។ នេះ​បើ​តាម​ការវិភាគ​ទិន្នន័យ​នៃ​ការសិក្សា​ជាច្រើន ចេញផ្សាយ នៅ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ Critical Reviews in food Science and Nutrition កាលពី​ឆ្នាំ​២០១៩។

នៅក្នុងចំណោមគុណប្រយោជន៍​ជាច្រើន គេ​អាច​​រាប់​​ ជាបឋម សមត្ថភាព​ផ្នែក​អង់ទីអុកស៊ីដង់។ មាន​ន័យ​ថា ម្រេចមាន​សកម្មភាព​ជា​ធ្នាក់​ចាប់​ក្រុម​ជាលិកា​សេរី ដែល​ជា​មូលេគុល​ពន្លឿន ភាព​ចាស់​ជរា នៃ​កោសិកា មានជា​អាទិ៍​កោសិកា​ស្បែក។ ការសិក្សា​ដដែល​បាន​ពន្យល់​ទៀត​ថា ដោយសារ​សារធាតុ Piperine​ដ៏ច្រើន ម្រេច​ទំនង​មាន​គុណប្រយោជន៍ ផ្នែក​ប្រយុទ្ធ​ប្រឆាំង​ និង សម្លាប់​មេរោគ​ជាច្រើន ប្រភេទ មាន​ជា​អាទិ៍ ពពូក​បាក់តេរី និង​ពពួក​ផ្សិត មួយ​ចំនួន​ធំ។ ឧទាហរណ៍ បាក់តេរី Staphylocoque ។ នេះបើ​តាម​ការលើក​ឡើង​របស់​អ្នកនិពន្ធ​ដដែល។

ម្រេចជួយរំលាយអាហារ

គុណប្រយោជន៍នៃម្រេច​មិន​បញ្ចប់​ត្រឹម​ណេះ​ទេ។ គ្រាប់​ខ្មៅ​ដ៏​តូចៗ​នេះ អាច​មាន​អំណាច​ផ្នែក បន្ទាប​ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់​ក្នុង​ឈាម ពោល​គឺ​ម្រេច​អាច​ជួយ​កាត់​បន្ថយ​អត្រា​ជាតិ​ខ្លាញ់​កូឡេស្តេរ៉ុល និង អត្រា​ជាតិ​ស្ករ គ្លីសេមី​ក្នុង​ឈាម។ បើគេ​ជឿ​តាម​ការសិក្សា​ដដែល ម្រេច​អាច​មាន​សកម្មភាព ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​ទៀតផង។ សារធាតុ​សកម្ម Piperine លាយ​ជាមួយ​សមាស​ធាតុ​ផ្សំ ផ្សេង​​ទៀត​របស់​ម្រេច​ នឹង​​បញ្ចេញ​សកម្មភាព​ប្រឆាំង​នឹង​កោសិកា​​មហារីក នៃ​ជំងឺ​មហារីក​សុដន់ ពោះវៀន​ធំ ឬ​មហារីក​ក្រពេញ​ប្រូស្តាត​ជាដើម។ នៅក្នុង​ការសិក្សា​មួយ​ផ្សេង​ទៀត ចេញ​ផ្សាយ ដោយ ទស្សនាវដ្តី Critical Reviews in food Science and Nutrition ដដែល ម្រេច​អាច​មាន​ឥទ្ធិពល​ល្អ​លើ ប្រព័ន្ធ​រំលាយ​អាហារ។ អ្នកនិពន្ធ​បាន​ពន្យល់​ថា ឥទ្ធិពល​របស់​ម្រេច​លើ​ប្រព័ន្ធ​រំលាយ​អាហារ បាន​មកពី ជាតិ​ម្រេច​ដែល​ទៅ​ភ្ញោច​សរីរាង្គកាយ​មាត់​ ក្រពះ លំពែង ឲ្យ​បញ្ចេញ​ទឹកមាត់ បញ្ចេញ ប្រូតេអ៊ីន​មាន​ភារៈ​កិន​បំបែក​កម្ទេច​​អាហារ​ឲ្យងាយ​ជ្រាប​ចូល​ទៅ​ចិញ្ចឹម​សព៌ាង្គកាយ ប្រៀប​ដូច​ជា​ទៅ​បង្កើន សមត្ថភាព​ទូទៅ ផ្នែក​រំលាយ​អាហារ និង បង្កើន​សមត្ថភាព​ស្រូប​អាហារូបត្ថម្ភ។ ចំពោះ​គ្រូពេទ្យ ​ជំនាញ​ផ្នែ​ក​អាហារូបត្ថម្ភ Florence Foucaut បរិភោគ​ក្នុង​បរិមាណ​តិច​តួច​ល្មម ម្រេច​នឹង​ជួយ​រំលាយ​អាហារ និង ជួយ​ពន្លឿន​ដំណើរ​បញ្ចេញ​កាក​សំណល់​អាហារ ដែល​អាច​កាត់​បន្ថយ​អាការៈ​ធ្ងន់​ទល់​ពោះ នៅ​ពេល​បរិភោគ​ឆ្អែត​ខ្លាំង​​ពេកបាន។ បន្ថែមម្រេច និង​គ្រឿងទេស​លើ​ម្ហូប​អាហារ នឹង​ជួយ​លើក​រសជាតិ ដោយ​មិនបាញ់​ ប្រើខ្លាញ់-​អំបិល​ច្រើន។ នៅ​ពេ​ល​អាហារ​មាន​រសជាតិ ដោយ​ម្រេច និង ដោយ​គ្រឿងទេស​ផ្សេងទៀត ក្លិនឈ្ងុយ​នោះ​នឹង​​ផ្តល់​ភាព​រីករាយ​ដល់​ការបរិភោគ។ នៅ​ពេល​បរិភោគ​ដោយ​មាន​ភាព​រីករាយ​ក្នុងចិត្ត ពេលនោះ​អ្នក​នឹង​បរិភោគ​ក្នុង​បរិមាណ​តិច ព្រោះ​​ក្រពះ​បាន​ឆ្អែត​យ៉ាង​ពិត​ប្រាកដ។

ម្រេចជាថ្នាំប្រឆាំងនឹងការរលាក

ម្រេចត្រូវបានគ្រូពេទ្យ​បុរាណ​អេហ្ស៊ីប និង​ចិន ប្រើ​ជា​ថ្នាំ​Anti-inflammatoire តាំងពី​យូរយារ​មក​ហើយ ដោយសារម្រេច​មាន​ផ្ទុក​សារធាតុ​Piperine ដែល​មាន​លក្ខណៈ​សម្បត្តិ​អង់ទីអាំងហ្វ្លាម៉ាទ័រ។ ដើម្បី​ឲ្យ​ឥទ្ធិពល​ប្រឆាំង​នឹង​ការ​រលាក​ឡើង​ពេញ​អំណាច គួរតែ​ប្រើ​ម្រេច​លាយ​ជាមួយ​ល្មៀត។ សារធាតុក្នុ​ង​ល្មៀត​​​Curcuma និង Piperineក្នុង​ម្រេច​ សុទ្ធតែ​ជា​សារធាតុ​មាន​សមត្ថភាព​ប្រឆាំង​នឹង​ការរលាក​ដូចគ្នា តែ​សារធាតុ​ពីប៉េរីន មាន​សមត្ថភាព​ជួយ​ជំរុញ​សរីរាង្គកាយ​ឲ្យ​ស្រូប​យក​ជាតិ​Curcuma បាន​កាន់​តែ​ប្រសើរ។

ស្តាប់តាមការរៀបរាប់ខាងលើ ម្រេច​សឹង​អាច​ហៅ​បាន​ថា​ជាគ្រាប់​ដ៏​អស្ចារ្យ ចំពោះ​សុខភាព ប៉ុន្តែ​សូម​ទទួល​យក​លក្ខណៈ​សម្បត្តិ​ដ៏ល្អ​របស់​ម្រេច​ទាំង​អម្បាលម៉ាន​នេះ ដោយ​ប្រុង​ប្រយ័ត្ន​សិន ព្រោះ ការសិក្សា​បញ្ជាក់​អំពី​គុណប្រយោជន៍​ដ៏​សម្បើម​នៃ​ម្រេច ជា​លទ្ធផល​នៃ​ការវិភាគ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍

ឬ​លើ​សត្វតែ​ប៉ុណ្ណោះ។ ហេតុដូច្នេះ​ហើយ​បានជា អ្នកស្រាវជ្រាវ​ចាត់​ទុក​របក​គំឃើញ​អំពី គុណសម្បត្តិ​នៃ​ម្រេច ថា​ជា​ពន្លឺ​ដ៏​សំខាន់​ដែល​បញ្ជាក់​អំពី​ផល​ល្អ ដោយ​មិន​អាច​ប្រកែក​បាន​របស់​ម្រេច។

ក្រុម​អ្នក​ស្រាវជ្រាវ​ចង់​ឲ្យ​មាន​ការសិក្សា ការធ្វើ​តេស្ត​លើ​មនុស្ស​ច្រើន​និង​បន្ថែម​ទៀត ដើម្បី​ទម្លាយ​ឲ្យ​ឃើញ​អំពី​សក្តានុពល និង​ឥទ្ធិពល​របស់​ម្រេច​ចំពោះ​សុខភាព​មនុស្ស។ ក្នុង​ពេល​រង់ចាំ​ លទ្ធផល​ស៊ី​ជម្រៅ និង​កាន់តែ​ច្បាស់លាស់ សូម​អញ្ជើញ​ប្រើ​ម្រេច តាម​ការគួរ និង ការចូលចិត្ត ដើម្បី​បន្ថែម​រសជាតិ​ដល់​ម្ហូប​ក៏​បាន​ក្នុង​ទម្រង់​ជា​ទឹក​ឆុង​ក៏​បាន។ ដើម្បី​ឆុង​តែ​ម្រេច សូម​ដាំ​ទឹក​ឲ្យ​ពុះ រួច​ចាក់​លើ​គ្រាប់​ម្រេច​ដែល​ដំ​បំបែក​ឲ្យ​ទក់ៗ​បន្តិច រយៈពេល​ពីរបី​នាទី ហើយ​ច្រោះយក​កាកម្រេច​ចេញ។ នេះ​ជា​ការពន្យល់​របស់​លោក Olivier Derenne អ្នក​ជំនាញ​គ្រឿងទេស និង​ជា​អគ្គនាយក​ក្រុមហ៊ុន​លក់​ម្រេច Comptoire des Poivres នៅ​ប្រទេស​បារាំង ដោយ​បន្ថែម​ថា​ដើម្បី​បន្ទន់​ក្លិន និង​បន្ថែម​រសជាតិ គេ​អាច​ឆុង​តែ​ម្រេច​ជាមួយ​ផ្កា​ក្រៀម ទឹកឃ្មុំ ឬ ល្មៀត។

ម្រេចខ្មៅ ស ក្រហម ខុសគ្នាយ៉ាងណា ?

ជ្រើសរើសប្រើម្រេចទាំងមូល ហើយកិន ឬ បុក​បំបែក នៅ​ពេល​ហៀប​បរិភោគ​អាច​ ជួយ​រក្សា​ក្លិន​ឈ្ងុយ​បាន​យូរ និង​មាន​រសជាតិ​កាន់តែ​ឆ្ងាញ់។ ម្រេច​កិន​ស្រាប់​ឲ្យ​តែ​សុទ្ធ​ពិត អាច​មិន​សូវ​ឈ្ងុយ​មែន តែ​បើ​គិត​អំពី​តម្លៃ​ផ្នែក​អាហារូបត្ថម្ភ និង​គុណ​ប្រយោជន៍ គ្មាន​បាត់​បង់​ទៅ​ណា​ទេ គឺ​នៅ​ដដែល​ដូច​ម្រេច​គ្រាប់​ទាំងមូល។

ចំណែ​កពណ៌​ម្រេច ស ខ្មៅ ក្រហម បៃតង ជា​ដំណើរ​វិវឌ្ឍ​នៃ​គ្រាប់​ម្រេច ទៅ​តាម​​ដំណាក់កាល និង ទៅ តាម​របៀប​ថែ​រក្សា​ទុក។ ម្រេច​បៃតង ជា​ម្រេច​ខ្ចី បេះ​នៅ​ពេល​មិន​ទាន់​ទុំ ដូច្នេះ​វា​មិន​សូវ​ហិរ ឬ​ហិរ​ស្រាល ដោយ​មាន​បង្កប់​ជាតិ​ផ្អែម​តិចៗ និង​មាន​កំហាប់​ជាតិ​ពីប៉េរីន​ទាប តែ​មាន​ផ្ទុកជាតិ​ប៉ូលីហ្វេណុល​ក្នុង បរិមាណ​ដ៏​ច្រើន​ជាង​គេ បើ​ប្រៀប​ទៅ​នឹង​គ្រាប់​ម្រេច​ចាស់ និង​គ្រាប់​ម្រេច​ទុំ។​ សម្បូរជាតិ​ប៉ូលីហ្វេណុល​ខ្លាំង មាន​ន័យ​ថា​​ម្រេច​បៃតង​មាន​គុណ​ប្រយោជន៍ ផ្នែក​អង់ទីអុកស៊ីដង់ និង​អង់ទីអាំងផ្លាម៉ាទ័រ ដែល​ដើរ​តួនាទី​ការពារ​ប្រឆាំង​នឹង​ជំងឺ​សរសៃ​ឈាម​បេះដូង។

ម្រេចខ្មៅ ជា​ស្តេច​ម្រេច ? បេះ​នៅ​ពេល​ទុំ​រួច យក​ទៅ​ហាល​ថ្ងៃ​សម្ងួត ទើប​ឡើង​ពណ៌​ខ្មៅ ម្រេច​ខ្មៅ ហិរ​ខ្លាំង ជាង​ម្រេច​បៃតង ឬ​ម្រេច​ស។ ការសិក្សា​ចេញ​ផ្សាយ​នៅ​ឆ្នាំ​២០២០ ដែល​ជា​ការវិភាគ​ប្រៀបធៀប​រវាង​ម្រេច​ខ្មៅ​និង​ម្រេច​ស មុន​និង​ក្រោយ ពេល​យក​សម្បក​ចេញ​រួច​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ម្រេច​ខ្មៅ​មាន​ប្រៀប​ជាង​​ម្រេច​ស។ កំហាប់​នៃ​សមាសធាតុ​ផ្សំ ដូចជា​ប៉ូលីហ្វេណុល​និង​រ៉ែ មាន​ខ្ពស់​ខ្លាំង​នៅ​ក្នុង ម្រេច​ខ្មៅ​ជាង​ម្រេច​ស ដែល​គេ​បេះ​នៅ​ពេល​គ្រាប់​ទុំ​ឡើង​ក្រហម​ល្អ ដូចគ្នា តែ​ត្រូវ​បាន​គេ​យក​ទៅ​ត្រាំ​ទឹក ហើយ​បក​ស្រទាប់​ក្រហម​ខាង​ក្រៅ​ចេញ។ ការបក​សម្បក​ក្រៅ បាន​ធ្វើ​ឲ្យ​ម្រេច​ស បាត់បង់​សមាសធាតុ​ប៉ូលីហ្វេណុល និង រ៉ែ អស់​ជាច្រើន។ ប៉ុន្តែ​សារធាតុ​ពីប៉េរីន ហាក់​ដូច​ជា​ខ្ពស់​ជាង​ម្រេច​ខ្មៅ​ទៅ​វិញ។ នេះបើ​តាម​ការសិក្សាប្រៀបធៀប​ដដែល។ ចំណែក​ម្រេច​ក្រហម ជា​ម្រេច​កម្រ​ជាង​គេ ព្រោះ​ជា​ម្រេច​បេះ​ នៅ​ពេល​វា​ចាប់​ទុំ​ភ្លាម​រួច​ហើយ​យក​ទៅ​ហាល​សម្ងួត និង ហិរ​ជាង​ម្រេច​ខ្ចី​បន្តិច។ ជាចុងក្រោយ គឺ​ម្រេច​ប្រផេះ​ដែល​គ្មាន​អ្វីក្រៅ​ពី ជា​ម្រេច​ខ្មៅ​កិន​រួចស្រេច។

ជាតិហិររបស់​ម្រេច​ថ្វី​បើ​មិន​ខ្លាំង​ដូច​ម្ទេស​ក៏​ដោយ ក៏អាច​ធ្វើ​ឲ្យ​ក្រពះ ពោះវៀន ពិបាក​ទ្រាំ​ដែរ​ នៅ​ពេល​បរិភោគ​ក្នុង​បរិមាណ​ច្រើន​ជ្រុល ជាពិសេស​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ក្រពះ ឬ ជំងឺ​ខ្សោយ​ពោះវៀន​ស្រាប់។ សូ​មកុំ​បរិភោគ​ម្រេច ប្រសិន​បើ​អ្នក​មាន​រោគ​ភើ​ច្រាល​ជាប់​នឹង​ខ្លួន។ អ្នកមាន​បញ្ហា​ឫស​ដូង​បាត កុំ​ប្រមាថ​រសជាតិ​ហិរ​របស់​ម្រេច​សោះ។ ទទួលទាន​ម្រេច​ច្រើន​ជ្រុល​ក្នុង​ម្ហូប អាច​នឹង​ធ្វើ​ឲ្យ​ភ្នាស​នៅ​ម្តុំ​ក្រសាល​គូថ​រលាក។ បើ​ភ្នាស​នៅ​ត្រង់​នោះ​រលាក​ ឫសដូង​បាត​នឹង​រើ​ឡើង ហើយ​ឈឺ​ខ្លាំង​ពិបាក​ទ្រាំ៕

Alle Folgen von នាទីសុខភាពនិងអនាម័យ

Einstellungen

Darstellung

Sprache

Bestimmt, welche Sender dir auf der Startseite zuerst gezeigt werden.

Verlauf

Zuletzt gehörte Sender und Folgen und deine letzten Suchen liegen nur in diesem Browser.

Hinweise

Ein kurzer Hinweis, wenn ein Podcast, dem du folgst, eine neue Folge hat. Einzelne Podcasts stellst du über die Glocke auf ihrer Seite ab.

Konto

Favoriten speichern – in der App und auf der Website.

Tastenkürzel

/
Suche öffnen
Leertaste
Abspielen oder anhalten
← →
Im Player: 15 s zurück, 30 s vor (Folgen) · im Regal: nächste Kachel
↑ ↓
Im Regal: Ziel innerhalb der Kachel
Pos1 / Ende
Im Regal: erste bzw. letzte Kachel
Esc
Fenster oder Menü schließen
?
Diese Übersicht
Läuft gerade

Zur Senderseite

Als Nächstes

    Folgen mit „Als Nächstes“ vormerken – sie laufen nach der aktuellen Folge.