Skip to content

អត្រា​​អរមូនតេស្តូស្តេរ៉ូនទាប​អាច​បង្ក​ផលវិបាក​អ្វី​ខ្លះ ដល់​សុខភាព?

August 19, 2026 · 8 min

Show notes

ការសិក្សាទើបចេញថ្មី នៅដើមខែកក្កដា បានបង្ហាញថា ក្នុងរយៈពេល​តែ​៥០​ឆ្នាំ អត្រា​អរមូន​បុរស តេស្តូស្តេរ៉ូន ទំនង​ធ្លាក់​ចុះ​អស់​ជាងពាក់កណ្តាល។ មានន័យថា​បុរស​សម័យ​ថ្មី​មាន​អរមូនតេស្តូស្តេរ៉ូន​តិចជាង មនុស្សជំនាន់មុន ? មិនសូវសម្បូរអរមូនតេស្តូស្តេរ៉ូន តើបុរសសម័យថ្មី អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​យ៉ាងណា ?

អត្រាអរមូនបុរស តេស្តូស្តេរ៉ូន ជាមធ្យម បាន​ធ្លាក់​ចុះ អស់​ជាង​ពាក់កណ្តាល ក្នុងរយៈពេល តែ​៥០​ឆ្នាំ។ នេះ ជា​លទ្ធផល​នៃ​ការ​វិភាគ​វិទ្យាសាស្ត្រ ដែល​ជា​ការច្របាច់​បញ្ចូល​គ្នា នូវ​ទិន្នន័យ​នៃ​ការសិក្សា​ចំនួន ជាង​៨ពាន់ នៅ​ជាច្រើនប្រទេស ដោយ​មាន​អ្នក​ចូលរួម សិក្សា​ជាង១សែន​នាក់។

តែ​កន្លះ​សតវត្សរ៍​បុរស​បាត់បង់​តេស្តូស្តេរ៉ូន​អស់​ជាង​ពាក់កណ្តាល មិនមែនជាដំណឹងល្អទេ។ ពី​ឆ្នាំ ១៩៧២​ដល់​ឆ្នាំ​២០១៩ កំរិត​តេស្តូស្តេរ៉ូន​ជាមធ្យម​របស់​បុរស បាន​ថយ​ចុះ​៥៤,៣% ហើយ​ការធ្លាក់​ចុះ មាន​ល្បឿនលឿន​ខ្លាំង ចាប់ពី​ឆ្នាំ​២០០០​មក។ នេះជា​សញ្ញា​ដែល​ចង្អុល​បង្ហាញ អំពីគ្រោះ​មាន​​វិបត្តិបន្តពូជ នាពេល​អនាគត។ អ្នកជំនាញ​បាន​ទាញ​សញ្ញា​អាសន្ន ជាស្រេចទៅហើយ​ អំពី​គ្រោះ​បុរស​អសមត្ថភាព ផ្នែក​បន្តពូជ នៅថ្ងៃ​ខាង​មុខ និង សុខភាព​ជាទូទៅ របស់បុរស។

តើតេស្តូស្តេរ៉ូនជា អ្វី ?

តេស្តូស្តេរ៉ូន ជា​អរមូន ផ្លូវ​ភេទ បញ្ចេញ​ដោយ​សរីរៈ​ភេទ មាន​ច្រើនក្នុង​ខ្លួន​​បុរស និង តិចតួច សម្រាប់​ស្ត្រី ទើបបានជា​គេ​ឱ្យ​ឈ្មោះ តេស្តូស្តេរ៉ូន​ថាជាអ័រមូន​បុរស។ អរមូន​នេះ មាន​តួនាទី​សំខាន់​ណាស់ ក្នុង ការទ្រទ្រង់​សុខមាលភាព​អារម្មណ៍ និង រាងកាយ។ ចំពោះ​មនុស្សប្រុស តេស្តូស្តេរ៉ូន​ផលិត​ជា​ចម្បង ដោយ​ពងស្វាស និង មាន​ចំណែក ជួយ​ឲ្យ​សរីរាង្គកាយ​លូតលាស់ មានលក្ខណៈ​ជា​ប្រុស​ពិតៗ ដូចជា ធ្វើ​ឲ្យ​មាន​សំឡេង​គ្រល មាន​រោម​ដុះ​ច្រើន​នៅ​លើ​ខ្លួន​ប្រាណ និងមុខ។ តេស្តូស្តេរ៉ូន ក៏ជា​អ្នក​ចាត់​ចែង គ្រង់គ្រង​ចំណង់​តណ្ហា ម៉ាសឆ្អឹង ខ្លាញ់ សាច់ដុំ និង ការផលិត គ្រាប់ឈាមក្រហម ព្រមទាំង ស្ពែម៉ាតូហ្សូអ៊ីត។ ពោល គឺ អ័រមូននេះ​មានបេសកកម្ម​ធំ​ណាស់។ ជាតំណាង មោទនភាពបុរស តេស្តូស្តេរ៉ូន​មាន​ឥទ្ធិពល​ដោយផ្ទាល់ទៅលើ ចំណង់​ផ្លូវភេទ​ផង និង​ទៅ​លើ​សមត្ថភាព​រួម​ភេទ​ផង និង​ ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង អំពី​ស្ថានភាព​សុខភាព ជាទូទៅ របស់​បុរសទៀត។

ហេតុអ្វីបានជាអត្រាតេស្តូស្តេរ៉ូន​បុរសធ្លាក់​ចុះ​ខ្លាំង​ក្នុងរយៈពេល៥០ឆ្នាំនេះ ?

បើតាមការសិក្សា ដែល​ចេញ​ផ្សាយ​នៅក្នុង​ពេល​សមាគម​អឺរ៉ុប​ផ្នែក​សុខភាព​បន្តពូជ​និង​បង្ក​កំណើតកំពុង​ជួប​ជុំ​គ្នា​ធ្វើ​សន្និបាត​នៅ​ទីក្រុង​ឡុងដ៍​ អត្រាអរមូនតេស្តូស្តេរ៉ូនរបស់​បុរស ជំនាន់​ក្រោយ មានមធ្យមភាគ​ទាប ជាង​មនុស្ស​សម័យមុន ដល់ទៅ​ជាង​​ពាក់កណ្តាល ព្រោះ បុរស​សម័យថ្មី មាន​របបអាហារ របប​ដំណេក និង​សកម្មភាព​ប្រចាំ​ថ្ងៃខុស​ពី​មុន។ ចំណីអាហារកែច្នៃនិង បែបឧស្សាហកម្ម រយៈពេល​ដេកខ្លីក្រោម៦ម៉ោង និង មិន សូវបញ្ចេញ​កម្លាំង​​ធ្វើចលនារាងកាយ ជះឥទ្ធិពល ដោយ​ផ្ទាល់ ទៅ​លើ​ការផលិត អរមូន​តេស្តូស្តេរ៉ូន។ ដំណេកខ្លីត្រឹម​៥ម៉ោង ក្នុង​មួយ​យប់ ជាច្រើនយប់ជាប់គ្នា អាច​បញ្ចុះ​អត្រា​អរមូន​តេស្តូស្តេរ៉ូន​របស់​យុវវ័យ​មាន​​សុខភាព​ល្អ ប្រមាណ​ពី​១០​ទៅ១៥%បានហើយ។ សភាពធាត់​ជ្រុល និង ជំងឺ​ទឹកនោមផ្អែម បាន​ទៅ​បញ្ចុះអរមូន​តេស្តូស្តេរ៉ូន ហើយងាកទៅ​ដំឡើង​អរមូនអឺស្ត្រូហ្សែន។ បុរស​ជំនាន់ថ្មីខ្លះ មាន​ទុន ពីកំណើត​តិច តែម្តង ក្នុង​ការ​​ផលិតអរមូន​តេស្តូស្តេរ៉ូន ព្រោះតែ ពួកគេ​ឆាប់ប្រឈម​និង​​ទទួល​សារធាតុ​គីមី​ពុល​ពពួក​រំខាន​អរមូន តាំងពីទើប កកំណើត នៅក្នុងពោះម្តាយ។ នេះ​បើ​តាម​ការ​ពន្យល់​លម្អិត​នៅក្នុង​របាយការណ៍​សិក្សា​ដដែល។​

អ្វីជាផលវិបាកនៃការធ្លាក់ចុះអរមូនតេស្តូស្តេរ៉ូន ?

ការ​ធ្លាក់ចុះនៃ​អរមូនបុរស​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​ជីវិត​ខ្លាំង​ណាស់។ មាន​​អរមូន​តេស្តូស្តេរ៉ូន​តិច មិន​ប្រាកដ​ថា បុរស​នោះ​​ក្លាយ​​ជា​​មនុស្ស​អារ ជា​​ស្វ័យប្រវត្តិ ដោយ​​មិន​អាច​មាន​កូន​បាន​រហូត​ទេ ប៉ុន្តែ​​លទ្ធភាព​​មាន​កូន​របស់​​បុរស​​ពិត​ជា​​ត្រូវ​​​ចុះ​ខ្សោយ អម​ដោយ​​បញ្ហា​នៅ​​ពងស្វាស​​មួយ​ចំនួន​ទៀតផង។ បន្ថែម​ពី​លើ​​ផលវិបាក​ផ្នែក​​បន្ត​​ពូជ អត្រា​តេស្តូស្តេរ៉ូន​ទាប នឹង​​ធ្វើ​​ឲ្យ​​បុរស​ឆាប់​ចាស់ អារម្មណ៍​មិនល្អ និង ចាប់​មាន​​បញ្ហា​​សរសៃ​ឈាម​​បេះដូង ពោល​គឺ​មាន​អាការៈ​ដូច​មនុស្សប្រុស​​វ័យ​ចំណាស់ មាន​​វិបត្តិ​អស់​រដូវបុរស Andropause លេច​​ឡើង។ ក្នុងដំណើរ​វិវឌ្ឍន៍ តាមច្បាប់​ធម្មជាតិ បរិមាណ​អរមូន​បុរស​តេស្តូស្តេរ៉ូន ឡើង ខ្ពស់​ខ្លាំង​បំផុត នៅ​អាយុ ម្តុំខ្ទង់ ២០ ឆ្នាំ។ ចាប់ពី អាយុ ៣០ឆ្នាំ ឡើងទៅ អត្រា​តេស្តូស្តេរ៉ូន ក្នុង​ឈាម ចាប់​ធ្លាក់​ចុះ​ដោយ​ឯងៗ ក្នុង​កំរិត​១ទៅ ២% ក្នុង​មួយ​ឆ្នាំៗ ហើយ​អាច​ធ្លាក់​ខ្លួន មាន វិបត្តិ​អង់ដ្រូប៉ូ ចាប់​ពី​អាយុ​ហាប្លាយ។ ហេតុដូច្នេះហើយ បានជានៅ​សហរដ្ឋ​អាមេរិក រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក ទើបចេញ​សារាចរណ៍​ថ្មី នៅថ្ងៃ​ទី​១៥​កក្កដា​២០២៦ តម្រូវ​​ឲ្យ​យោធា​អាមេរិក​អាយុ​ចាប់ពី​៣០ឆ្នាំ​ទៅ ធ្វើតេស្ត​វាស់​កម្រិត​អរមូន​តេស្តូស្តេរ៉ូន ជា​ចាំបាច់។ យោធា​អាយុ​ក្រោម​៣០ឆ្នាំ​ អាច​សុំ​ធ្វើតេស្ត​តេស្តូស្តេរ៉ូន​បាន​ តាម​គោលការណ៍​ស្ម័គ្រចិត្ត។ បើតាម​លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក ផ្ទៀងផ្ទាត់​កម្រិត​អរមូន​តេស្តូស្តេរ៉ូន ក្នុង​ជួរ​កងទ័ព មិនមែន​ក្នុង​បំណង​បង្កើន​សមត្ថភាព​ប្រយុទ្ធ​លើសមរភូមិ​តែម្យ៉ាងទេ តែក៏​ដើម្បី​​លើក​កម្ពស់​​សមត្ថភាព​​ធម្មជាតិ និង ដើម្បី​​ថែរក្សា​សុខភាព​របស់​​កងទ័ព​អាមេរិក​ ឲ្យ​មាន​អាយុ​យឺនយូរ។ យោធា​ណា​មាន​អត្រា​អរមូន​តេស្តូស្តេរ៉ូនទាប​​ នឹង​ទទួលបាន​សំណើព្យាបាល​​ និង​អាច​​​ព្យាបាល​សុខភាពភ្លាម​ បើចង់។

ប្រើថ្នាំអាហារបំប៉នតេស្តូស្តេរ៉ូន ជាដំណោះស្រាយល្អ ?

ការប្រើថ្នាំអាហារបំប៉ន អរមូនតេស្តូស្តេរ៉ូន ដូច​មាន​ផ្សាយ​តាមអ៊ីនធ័រនែត គ្មាន​ប្រយោជន៍​ទាល់ តែ​សោះ ក្នុង​ការដំឡើង​សមត្ថភាព​បន្តពូជ។ នៅពេល​លេប​ថ្នាំបំប៉ន​នោះ ចូល​ទៅ ខួរក្បាល​នឹង​បញ្ឈប់ សកម្មភាព​ភ្ញោច​ពងស្វាស ហើយ​អាច​នឹង​ឈប់​ផលិត​ស្ពែម៉ាតូហ្សូអ៊ីត ទៅ​វិញ​ទេ។ នេះជា អ្វីដែល សាធារណជន​ទូទៅ មិន​សូវ​បាន​ដឹង​ទេ។ តាមការពិត ការ​ចាក់​តេស្តូស្តេរ៉ូន​បន្ថែម ដោយគិត​ថា ថ្នាំ​នឹង ទៅ​បង្កើន​លទ្ធភាព​បង្ក​កំណើត​កូន នឹង​ធ្វើឲ្យ​បុរសនោះមាន​បញ្ហា ពិបាកមានកូន​កាន់តែធ្ងន់ធ្ងរ។ ក្នុង ករណីខ្លះ គ្រូពេទ្យ​អាច​ផ្តល់​ថ្នាំ​ជា​អរមូន​ផ្សេង ដែល​មិន​រារាំង ឬ​បិទខ្ទប់​យន្តការធម្មជាតិ តែ​បាន​ទៅ​បំប៉ន ភ្ញោច ពងស្វាស​ឲ្យ​ផលិត​តេស្តូស្តេរ៉ូន។

អស់កម្លាំង មានអារម្មណ៍មួរហ្មងឡើង ចុះ​មិន​អាច​មាន​កូន​តាម​ចំណង់ ឬ លិង្គ​លែង​សូវ​រឹង សុទ្ធសឹង ជា​សញ្ញា​ដាស់ ឲ្យ​គិត​ដល់​អត្រា​អរមូន​តេស្តូស្តេរ៉ូន។ ហើយ​ក៏​ទំនង​ជា​ដល់​ពេល​វេលា ដែលត្រូវ​ទៅ​ធ្វើ​តេស្ត​វាស់​កម្រិត​តេស្តូស្តេរ៉ូន​ដែរ។ ការធ្លាក់​ចុះនៃ​អត្រា​តេស្តូស្តេរ៉ូន ជា​និន្នាការ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ព្រោះ​វា​អាច​ជា​ទំនាយ​ប្រាប់​ឲ្យ​ដឹង​ជាមុន អំពី​លទ្ធភាព​ពិបាក​មាន​កូន និង អំពី​ជីវិតសង្ឃឹមរស់​របស់​បុរស ក្នុង​ឆ្នាំ​ខាង​មុខ ៕

All episodes of នាទីសុខភាពនិងអនាម័យ

Settings

Display

Language

Decides which stations you see first on the home page.

History

Recently played stations and episodes and your latest searches are only stored in this browser.

Notifications

A short notice when a podcast you follow has a new episode. Turn off single podcasts with the bell on their page.

Account

Save favorites – in the app and on the website.

Keyboard shortcuts

/
Open search
Space
Play or pause
← →
In the player: back 15 s, forward 30 s (episodes) · in a row: next tile
↑ ↓
In a row: target within the tile
Home / End
In a row: first or last tile
Esc
Close window or menu
?
This overview
Now playing

Go to station page

Play next

    Add episodes with “Play next” – they play after the current episode.