Skip to content

សំឡេងតម្លង់ជះផលវិបាកដល់សុខភាពដំណេកយ៉ាងណា?

June 3, 2026 · 8 min

Show notes

សំឡេង​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​យ៉ាង​ដល់សុខភាព​សរីរាង្គកាយ។ ​សំឡេងអាច​នាំ​ឱ្យ​មាន​វិបត្តិ​ដំណេក និង​ ​​​អាច​ធ្វើ​ឱ្យ​ត្រចៀក​​ថ្លង់បាន​។

ខុស​ពី​សរីរាង្គ​ចក្ខុ ត្រចៀក​មិន​ចេះ​សម្រាក​ទាល់​តែ​សោះ​។ គេ​មិន​អាច​បិទ​ត្រចៀកឱ្យ​ជិត​ឈឹង​​លែង​ឮ​អ្វី​​ ដូច​បិទ​ភ្នែក​លែង​មើល​ឃើញ​អ្វីទាំងអស់ឡើយ​។ នៅ​ពេល​យប់ ពេល​សំរាន្ត​​លក់​ ​ត្រចៀក​នៅ​តែ​បន្ត​ឮ​សំឡេងដដែល គ្រាន់​តែ​​ពេល​ខ្លះ​សំឡេង​នោះ​មិន​រំខាន​ដល់​ភ្ញាក់ តែប៉ុណ្ណោះ។ ប៉ុន្តែ​ ដោយ​ជាក់​ស្តែង​ទៅនោះ ​ត្រចៀក​នៅ​តែ​ទទួល​ឮសំឡេង ដែល​អាច​​ប៉ះពាល់ និង​​គំរាម​កំហែង​ច្រើន​ណាស់​ដល់​សុខភាព ផ្លូវ​កាយផង ផ្លូវ​អារម្មណ៍​ផង និង​អាច​បង្ក​ឱ្យ​មាន​វិបត្តិ​ដំណេក​ទៀត។

សំឡេង​និង​ដំណេក

សំឡេង​ថ្លង់​រំខាន​​ ជា​​​ប្រភព​នាំ​ឱ្យ​មាន​​វិបត្តិ​ដំណេក ដែល​មនុស្ស​ភាគ​ច្រើន​ មើល​រំលង។ សំឡេង​ឆ្កែព្រុះ មាន់​រងាវ សំឡេង ស៊ីផ្លេ ​ឡាន ម៉ូតូ ​សំឡេង​ម៉ាស៊ីនរោទិ៍​ ខារ៉ាអូខេ សំឡេង​ភ្លេង​ សំឡេង​ក្តូងក្តាំង សំឡេងមនុស្ស​​ឡូឡា​ជជែកគ្នា​ ... សំឡេង​ទាំងអស់​នេះ បាន​​បង្អាក់ និង​រំខាន​ចង្វាក់​ដំណេក​ខ្លាំងណាស់ បើ​ទោះ​បី​ជា​អ្នក​ធ្លាប់​​លែង​ភ្ញាក់​ក៏​ដោយ ក៏​ដំណេក​របស់​អ្នក​គ្មាន​គុណភាព​ដែរ។ នៅ​ពេល​ភ្ញាក់​ឡើង​ អ្នក​ច្បាស់​ជា​មាន​អារម្មណ៍​អស់​កម្លាំង​ សំរាន្ត​មិនបានគ្រប់​គ្រាន់ ​មិន​ឆ្អែត​ ជា​ប្រាកដ។​ ដោយ​មូលហេតុ​សំឡេង​នេះ ​ទើប​អ្នក​ធ្វើ​ការ​យប់​សម្រាក​ថ្ងៃច្រើន​តែមាន​​វិបត្តិដំណេក​ និងបញ្ហាសុខភាព​​​ធ្ងន់ធ្ងរ​ជាង​មនុស្ស​ធម្មតា។

ពាក្យ​​ថា​វិបត្តិ​ដំណេក គឺ​អាច​ជា​អាការៈ​ ៖

-​ ពិបាកឬ​ក្រដេក​លក់​

- ភ្ញាក់​កណ្តាល​យប់​ញយ​ និង​ ភ្ញាក់យូរ​ទម្រាំ​លក់​ទៅវិញ

- រយៈ​ពេល​សរុប​​នៃ​ម៉ោង​ដំណេក​ខ្លី​ជាង​ធម្មតា

- វដ្ត​ដំណេកប្រែប្រួល ដំណាក់កាល​លង់លក់​និង​ដំណាក់កាលលក់​ស្កប់ស្កល់​យល់​សុបិន្ត​ខ្លី​

តាម​ដំណើរ​ធម្មជាតិ ចង្វាក់​ដំណេក​របស់​មនុស្សប្រៀប​ដូច​ជា​រលក​ឡើង​ចុះ​ៗ និង​វិល​ទៅវិលមក ​​ចំនួន​៤ទៅ​៥​វគ្គ ដែល​ក្នុង​មួយ​វដ្តៗ មាន​រយៈ​ពេល​ប្រមាណ​៩០​នាទី ហើយ​​ចែក​ចេញ​ជា​បី​ដំណាក់កាលធំៗទៀត គឺ​ដំណាក់កាល ​លក់​រលីវៗ ដំណាក់កាល​លង់លក់​ និង​ការ​លក់​ស្កប់ស្កល់យល់​សប្តិយល់​សូង។

នៅពេល​គ្មាន​សំឡេងអ្វីមករំខាន មនុស្ស​នឹង​លង់លក់​ស្កប់​ស្កល់​យល់​សប្តិ​ នៅ​២៦​នាទី​ជាមធ្យម ក្រោយ​ចូលសំរាន្ត។ ផ្ទុយទៅ​វិញ បើ​មាន​សំឡេង ឆ្កែព្រុះ សំឡេង​ឡាន​ សំឡេង​មនុស្សឡូឡា មករំខាន នោះ​គេ​ត្រូវ​ការប្រើ​ពេលដល់​ទៅ ៣៣នាទី​ទៅ​៥៣​នាទី​ជាមធ្យម ទើប​អាចលក់​ដល់​ដំណាក់កាល​ស្កប់ស្កល់​បាន។ សំឡេង​ ត្រឹម​កំរិត៣៥ទៅ​៤០ដេស៊ីបែល តែ​​បី​នាទី​យ៉ាង​ច្រើន ឬខ្លី​ជាងនេះផង នៅ​ដំណាក់កាលលក់រលីវៗ អាចដាស់​អ្នក​កំពុង​ដេក​​ឱ្យ​ភ្ញាក់វិញ​បាន។​ បើ​លក់ចូល​​ដល់​ដំណាក់កាល​លង់ខ្លាំង​និង​ស្កប់ស្កល់ អាំង​តង់​ស៊ីសំឡេង​ពី​៥០​ទៅ ៨០​ដេស៊ីបែល​ ទើប​អាច​ធ្វើ​ឱ្យ​ភ្ញាក់បាន។

សំឡេង​មាន​ច្រើន​ប្រភេទ​និង​កំរិត។ បើ​ជា​សំឡេង​បែប​ស្រទន់ មានទំនុក​ រងំ ថេរ​មិន​ឡើង​ចុះ អាច​ជួយ​បង្កើន​គុណភាព​ដំណេក។​​ ផ្ទុយ​ទៅវិញ​ជា​សំឡេង​ឆូង​ឆាង មួយ​ឆាប​លេច​ឡើង​​នៅ​ដំណាក់កាល​កំពុង​លង់​លក់​ខ្លាំង ជា​ការ​កាត់​ដំណេក​ដាល់​មនុស្ស​ឱ្យ​ភ្ញាក់​ក្រងាង​សើងមម៉ើង នោះ​អាក្រក់​ខ្លាំង​ណាស់​សម្រាប់​សុខភាព​​ខួរក្បាល។ សំឡេង​​កើត​ឡើង​នៅ​ពេល​ទើប​នឹង​លក់ នៅ​ពេល​ជិត​ភ្ញាក់​ ត្រូវ​បាន​គេ​ចាត់ទុក​ជា​ការ​រំខាន​ខ្លាំង​អាក្រក់​បំផុត​នៃ​ដំណេក។

សំឡេង​និង​ផលវិបាក​​ចំពោះសុខភាព

ការ​រំខាន​នៃសំឡេងចំពោះ​ដំណេក ​អាចជះ​ផលវិបាក​ភ្លាមៗ ដល់​ជីវិត​រស់នៅ​ប្រចាំ​ និងដល់​សុខភាព​នៅ​ថ្ងៃអនាគត។

ផលវិបាក​ភ្លាមៗ មាន​ដូច​ជា​ ងងោកងងុយ​​នៅ​ពេល​ធ្វើការ នៅសាលា​ ឬនៅ​ពេលបើកបរ។ មាន​អារម្មណ៍​​អស់កម្លាំង​ ហត់ល្វើយ។ ពិបាក​ផ្ចង់អារម្មណ៍​ធ្វើការ រៀនសូត្រ។ មាន​បញ្ហា​ក្នុង​ការសិក្សា និង​ការ​ចងចាំង។ មានអារម្មណ៍​មួរហ្មង និងមាននិន្នាការ​ឆាប់​ខឹង ឬ​ឆេវឆាវ។

ថ្វី​បើការប្រឈមនឹង​សំឡេង​រំខាន​នៅ​ពេល​យប់ ​យូរៗ​ទៅ​ អាចធ្វើ​ឱ្យ​ត្រចៀក​ទម្លាប់​បានមែន ប៉ុន្តែគេត្រូវ​ការ​ប្រើពេលយូរ​ថ្ងៃ និងអាចច្រើន​សប្តាហ៍​ផង ទម្រាំទម្លាប់​នឹងសំឡេង ហើយ​ធ្វើ​ឱ្យ​​គុណភាព​ដំណេក​អាច​ប្រសើរ​ឡើង​បាន​។ ជាង​នេះ​ទៅទៀត ការសិក្សា​បានបង្ហាញ​ឱ្យ​ឃើញ​ថា បើ​ទោះ​បី​ជា​យើង​អាច​​​ទម្លាប់​នឹងសំឡេង​រំខាន​បាន​ ហើយ​អាច​គេង​លក់​បាន​យ៉ាង​ស្កប់ស្កល់​ល្អ​ក៏​ដោយ ក៏សំឡេង​អាច​និង​បន្តរំខាន​ដំណើរ​ការ​​របស់​សរីរាង្គ​​ជីវសាស្ត្ររបស់​អ្នក​ដេក​ដដែល។ ដូច្នេះ បើ​ត្រូវ​ប្រឈម​នឹង​សំឡេងយូរៗ​ខែយូរ​ឆ្នាំទៅ​ ផលវិបាក​អាច​នឹង​ធ្ងន់ធ្ងរ​ខ្លាំង ទៅ​ថ្ងៃក្រោយ ដូច​ជា​អាច​មាន​ជំងឺ​ហត់​អស់​កម្លាំងល្ហិតល្ហៃ​ខ្លាំង​ជា​ប្រចាំ។ ងងុយ​ខ្លាំង​នៅ​ពេល​ថ្ងៃ។ សមត្ថភាព​ការងារ​ធ្លាក់​ចុះ។ បាត់​បង់​ឆន្ទៈ​ក្នុង​ការងារ។ ក្លាយ​ជាមនុស្ស​កាចខឹង​គេខឹងឯង។

ដើម្បី​បញ្ចៀស​វិបត្តិ​នេះ ត្រូវ​បង្កើត​លលក្ខខណ្ឌល្អ​សម្រាប់​ដំណេក ដោយ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឱ្យ​បន្ទប់​គេង​ គ្មាន​សំឡេង​លើសពី​៣០​ដេស៊ីបែល មិនឮ​សំឡេង​រំខាន មួយ​ឆាប លើស​ពី​៤៥​ដេស៊ីបែល។ សូមចង​ចាំ​ថា សំឡេង​ចាប់​ពី​៥៥​ដេស៊ីបែលឡើង​ទៅ​ អាច​បង្កើន​សម្ពាធ​ឈាមឱ្យ​ឡើង​ខ្ពស់​បាន។ ក្រុម​មនុស្ស​ខ្លះ មិន​អាច​ទ្រាំ​នឹង​សំឡេង​បាន​ទេ ត្រឹម​តែ​៣០​ដេស៊ីបែលក៏​អាចរំខាន​​ដល់​សុខភាព​ពួក​គេបាន​ហើយ។ ដាក់​ឆ្នុកបិទ​ត្រចៀក​ អាច​កាត់​បន្ថយ​​ការ​ឮ​សូរ​សំឡេង​រំខានបាន ប៉ុន្តែ​វា​គ្រាន់​តែ​ជា​ដំណោះស្រាយ​បណ្តោះ​អាសន្ន​តែប៉ុណ្ណោះ។ ជួសជុល​ផ្ទះ ជាពិសេស​បន្ទប់​គេង ដោយ​ដាក់​ជញ្ជាំង​កាត់​សំឡេង​ ជាមធ្យោបាយ​យូរអង្វែង​​ជាង​គេ​ ប្រឆាំងនឹងការរំខាននៃ​សំឡេង​ចំពោះ​ដំណេក។

ក្រៅ​ពី​បង្ក​ឱ្យ​មាន​វិបត្តិដំណេក បើ​តាម​គេហទំព័រ​របស់​ទី​ភ្នាក់ងារ​ធានារ៉ាប់រង​សុខភាព​សាធារណៈ​ក្រុង​ប៉ារីស ប្រឈម​នឹង​សំឡេង​​ខ្លាំងៗ​យូរ​ខែ​ យូរថ្ងៃ​ អាច​នឹង​ធ្វើ​ឱ្យត្រចៀក​កើត​រោគ​ថ្លង់​បាន។ សំឡេង​ជា​​ហានិភ័យ​នាំ​ឱ្យ​មាន​អាការៈ​ថ្លង់​ មាន​ចំណង​ទាក់ទង​នឹង​គ្នា​យ៉ាង​ច្បាស់​លាស់ ​តាម​បែប​វិទ្យាសាស្ត្រ​។ សំឡេង​ថ្លង់​ជា​ការ​រំខាន ដូច្នេះ​សំឡេង​ជា​ប្រភព​បង្ក​ឱ្យ​មាន​ស្ត្រេស​ ដោយ​អាច​ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​មួរហ្មង ឆាប់​ខឹង ឆេវឆាវ ឡើង​កាច​និង​បាក់​ទឹក​ចិត្ត។ នៅ​ពេល​ឮ​សំឡេង​រំខាន សរីរាង្គកាយ​យើង​នឹង​មាន​​ប្រតិកម្ម​ ​បញ្ចេញ​អរមូន​មួយ​ចំនួន ដូច​ជា​អរមូនអាដ្រេណាលីន និង​Cortisol ដែល​ទៅ​បង្កើន​ហានិភ័យ​ឱ្យ​មាន​ជំងឺ​សរសៃឈាម​បេះដូង ឡើង​ឈាម ​ស្លោកស្ទះ​បេះដូង Infarctus។

ចំពោះ​ទារក​ក្នុង​ផ្ទៃវិញ​ ដែល​ចាប់​ឮ​សំឡេង​ខ្លះ​នៅ​អាយុ​បី​ខែ​​វិញ បើ​គ្មាន​សំឡេង​សោះ ប្រព័ន្ធ​សោតវិញ្ញាណរបស់ទារក​មិន​​អាច​លូត​លាសបាន​ល្អ​ទេ តែបើ​ឮសំឡេងរំខានច្រើនជ្រុល​ពេក ប្រព័ន្ធ​សោតវិញ្ញាណ​នឹង​ត្រូវ​ខូច​ខាត​ទៅ​វិញ។ ប្រព័ន្ធ​សោតវិញ្ញាណ​របស់​ទារក​និង​កុមារ នឹង​លូតលាស់​ពេញ​លេញ​ល្អនៅ​អាយុ​​៨ឆ្នាំ៕

All episodes of នាទីសុខភាពនិងអនាម័យ

Settings

Display

Language

Decides which stations you see first on the home page.

History

Recently played stations and episodes and your latest searches are only stored in this browser.

Notifications

A short notice when a podcast you follow has a new episode. Turn off single podcasts with the bell on their page.

Account

Save favorites – in the app and on the website.

Keyboard shortcuts

/
Open search
Space
Play or pause
← →
In the player: back 15 s, forward 30 s (episodes) · in a row: next tile
↑ ↓
In a row: target within the tile
Home / End
In a row: first or last tile
Esc
Close window or menu
?
This overview
Now playing

Go to station page

Play next

    Add episodes with “Play next” – they play after the current episode.