Skip to content

តើ​ការ​ចិញ្ចឹមសត្វជាមិត្ត មាន​អត្ថប្រយោជន៍​យ៉ាងណា​ចំពោះ​សុខភាព?

April 9, 2026 · 9 min

Show notes

ចិញ្ចឹម​​ឆ្កែ ឆ្មា ធ្វើ​ជាមិត្ត​ រស់​នៅក្នុង​ផ្ទះជាមួយ​ ឬ​មាន​កូន​អាង​ចិញ្ចឹម​ត្រី​ អាច​ប្តូរផ្លាស់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​បាន។ តើសត្វ​អាច​មាន​ទំនាក់ទំនង​យ៉ាងណាជាមួយ​មនុស្ស? តើការសត្វ​ចិញ្ចឹមជាមិត្តផ្តល់អត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាព?

ការ​ចិញ្ចឹម​សត្វ​យក​មក​ធ្វើ​​ជា​មិត្ត ​រស់​នៅក្នុង​ផ្ទះ​ជាមួយ​ម្ចាស់ មិនសូវ​ពេញ​និយម​ទេ​នៅក្នុង​សង្គម​ខ្មែរ។ ខ្លះរើស​អើង​ព្រោះ​ជា​សត្វ ខ្លះ​ខ្លាច​ភាព​កខ្វក់ ខ្លះ​ខ្លាច​កើត​ហឺត ...

ប៉ុន្តែ​ការ​ចិញ្ចឹមសត្វ​​ធ្វើ​ជា​មិត្ត​​​ក្នុង​ផ្ទះ​អាច​ផ្តល់​អត្ថប្រយោជន៍​​ច្រើន​ដល់​សុខភាព ៖ សុខភាព​ផ្លូវកាយ ផ្លូវ​ចិត្ត និងសង្គម។ នៅ​ប្រទេសខ្លះ​ ​វេជ្ជ​សាស្ត្រ​បាន​បញ្ចូល​សត្វ​​ចិញ្ចឹម​ ទៅ​ក្នុង​ផ្នែក​មួយ​នៃ​ជួយ​​ព្យាបាលនិង​ថែទាំ​អ្នក​ជំងឺ​ផង។ គុណប្រយោជន៍​ការ​ចិញ្ចឹម​សត្វ​ជា​មិត្តចំពោះ​​​សុខភាព ត្រូវ​បាន​អនុម័តដោយ​​វិទ្យាសាស្ត្រ​ទៀត។ ​ការ​សិក្សា​ជា​ច្រើន​បាន​បញ្ជាក់អំពី​ឥទ្ធិពល​វិជ្ជមាន​នៃ​សត្វ​ចិញ្ចឹម​ជាមិត្ត​។ ប៉ុន្តែការ​ចិញ្ចឹម​សត្វ​មិន​ផ្តល់​គុណប្រយោជន៍​ចំពោះ​សុខភាព ជា​លក្ខណៈ​​ស្វ័យប្រវត្តិ​ប្រវត្តិ​ទេ។ ​វា​អាស្រ័យ​ជាពិសេស​ទៅលើ​ទំនាក់ទំនង​ជាមួយ​សត្វ​ចិញ្ចឹម​ផង និង​ទៅលើ​ការ​គោរព សុខុមាលភាព​របស់​សត្វ​នោះ​ផង។ នេះ​បើ​តាម​ការ​ពន្យល់​បំភ្លឺ​របស់​លោក​ Jean-Marc Poupard បណ្ឌិត​ផ្នែក​នរវិទ្យា​ និង​ជា​នាយក​​ផ្នែក​ទំនាក់ទំនង​មនុស្ស​សត្វ​ នៅសកលវិទ្យាល័យ​ Paris Cité។

សត្វ​ចិញ្ចឹម​និង​ឥទ្ធិពល​ចំពោះ​សុខភាព​ផ្លូវ​កាយ

សត្វ​ចិញ្ចឹម មិន​​គ្រាន់​តែជា​មិត្តដើម្បី​​រស់​កំដ​គ្នា​ទេ តែ​ថែម​ទាំង​អាច​ដើរ​តួនាទីសំខាន់​ក្នុង​លំនឹង​ជីវិត​របស់​ម្ចាស់​ទៀត​ផង។ ទោះ​ជា​ម្ចាស់​រស់​នៅ​តែឯង ឬ​ជា​គ្រួសារ​មាន​គ្នា​ច្រើន គ្នា​តិច​​ ជា​ក្មេង​ឬ​ជា​ចាស់​ក៏​ដោយ ក៏​វត្តមាន​នៃ​សត្វ​ចិញ្ចឹមក្នុងផ្ទះ​​អាច​ជះ​ឥទ្ធិពល​ល្អ​ច្រើន​ចំពោះ សុខភាព​ដែរ។

ចំពោះក្មេង ក៏​ដូច​ជា​មនុស្ស​ធំ មាន​​សត្វ​ក្នុង​ផ្ទះ​ ជាពិសេស​សត្វ​ឆ្កែ​ ជា​កត្តា​បង្កើន​សកម្មភាព​ផ្លូវកាយ​ និង​កាត់​បន្ថយ​ភាព​ស្ពឹក​ស្រពន់។ នាំ​ឆ្កែ​ទៅ​ជុះ​ ប្រលែងលេង​ជាមួយ​ឆ្មា ​ដាក់​ចំណី​ឱ្យត្រី សម្អាត​លាង​ទ្រុង​សត្វ ... បាន​បន្ថែមការងារ ភាព​​​សកម្ម​តិចតួច​ជា​រៀង​រាល់​ថ្ងៃ ដល់​ម្ចាស់​។ សកម្មភាព​តិច​តួច ​ល្មមៗ​ តែ​ថេរជា​រៀង​​រាល់​ថ្ងៃ ​ជា​ប្រការ​ល្អ​សម្រាប់​សុខភាព​ បេះ​ដូង សរសៃ​ឈាម​បេះ​ដូង។ មនុស្ស​ចាស់មាន​សត្វ​​ចិញ្ចឹម​ជា​មិត្ត​ មាន​គ្រោះ​ហានិភ័យ​កើត​ជំងឺ​​លើស​ឈាម​ទាប​ និង​មិន​សូវ​មាន​ផល​វិបាក​បង្ក​ឡើង​ដោយ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​បេះ​ដូង​ទេ។ ការ​សិក្សា​ជាច្រើន​បាន​បង្ហាញ​ថា រស់​ជាមួយ​សត្វ​ អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាមនិង​ចង្វាក់​បេះដូង ព្រោះ​ការ​អង្អែល ការ​ចំណាយ​ពេលមើល​ថែ​​នៅ​ជាមួយ​សត្វ​​អាច​ជួយ​លួង​លោម​ខ្លួន​យើង​ឱ្យបានស្ងប់ ​ធូរ​ល្ហែល្ហើយ ​ដែល​អាច​ជួយការពារ​​បេះ​ដូង​​ និងសរសៃ​ឈាម​បេះ​ដូង នា​ថ្ងៃ​អនាគត បន្ថែម​ពី​លើ​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ។

លូត​លាស់​ធំ​ដឹង​ក្តី​ជាមួយ​សត្វ​ចិញ្ចឹម​ក្នុង​ផ្ទះ​ ប្រៀប​ដូច​ជា​បាន​បង្ហាត់​សរីរាង្គ​ខ្លួន​ប្រាណ​ឱ្យ​ជួប​នឹងមីក្រុបស្លូតៗផ្សេងៗ​ ដែល​នឹងទៅ​​ជួយ​ប្រព័ន្ធ​ការពារ​ខ្លួន ជា​ពិសេស​ប្រព័ន្ធការពារ​ខ្លួន​របស់​ក្មេងតូចៗ​​​ឱ្យ​ចេះ​ទប់​ទល់​នឹង​ការ​បៀតបៀន​មក​ពីក្រៅ។ មាន​ន័យ​ថា​ក្មេង​កើត​និង​រស់​ជាមួយ​សត្វចិញ្ចឹម​ មាន​ហានិភ័យ​កើត​ជំងឺហឺត ជំងឺ​អាល្លែហ្ស៊ី​ទាប។ ប៉ុន្តែ​សូម​ប្រយ័ត្ន ! ត្រូវ​ចិញ្ចឹម​សត្វ​ដោយ​ការ​គោរព​ ដោយ​ផ្ចិត​ផ្ចង់​ ប្រកប​ដោយ​អនាម័យ ទើប​អាច​ទាញ​យកគុណប្រយោជន៍​នេះ​បាន។

​ចំណុច​សំខាន់​មួយទៀតនៃ​​ការ​ចិញ្ចឹម​សត្វ​ជា​មិត្ត​រស់​ក្នុង​ផ្ទះ ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នោះ​ គឺ​ការ​​កាត់​​ស្ត្រេស និង​កង្វល់។ លេង​ជាមួយ​ឆ្កែ អង្អែល​សត្វ​ឆ្មា មើល​កូន​ទន្សាយ​ដេក មើល​ត្រីក្រិម​រត់​ប្រដេញ​គ្នា​ទឹក កាយវិការ​សាមញ្ញៗ​ជាមួយ​សត្វ​ចិញ្ចឹម​ទាំងអស់​នេះ​បាន​ជួយ​បញ្ចុះអត្រា​ជាតិ​​Cortisone ដែល​គេ​ហៅថា​​អរមូនស្ត្រេស ពី​ក្នុង​ខ្លួន​យើងបាន។ ការ​សិក្សា​បាន​បង្ហាញ​ថា គ្រាន់តែ​សំឡឹង​​មើល​ឆ្កែ​ឱ្យ​ចំ​ ក៏អាចធ្វើ​ឱ្យ​ខ្លួន​យើងបញ្ចេញ​ជាតិ​​អូស៊ីតូស៊ីន ដែល​ជាអរមូន​សម្រួល ​ឱ្យ​មានអារម្មណ៍កក់​ក្តៅ ​ទុក​ចិត្ត​ យោគយល់ ចង់​រាប់អាន​ និងសម្រួល​យន្តការ​​សុខុមាលភាព​​ជា​ទូទៅ​។

ការសិក្សារបស់​អ្នក​ស្រាវជ្រាវ​​ស្វ៊ីស និង​ជប៉ុន បាន​បង្ហាញ​ថា​ក្នុង​រយៈ​ពេល​បិទ​ខ្ទប់​ប្រទេស​ដោយ​ហេតុមា​ន​រោគ​រាតត្បាត​​កូវី​ដ​-១៩​ ក្មេង​មាន​សត្វ​ចិញ្ចឹម​នៅជាមួយ​​អា​ច​គេ​ងលក់​ស្រួល និងមាន​គុណភាព​ដំណេក​ល្អ​​ជាង​ក្មេង​គ្មាន​សត្វ​ជា​មិត្ត។ ក្នុង​ពេល​ធម្មតា ជាពិសេស​នៅ​ពេល​ល្ងាច​ វត្តមាន​សត្វ​អាច​ជួយ​មនុស្សខ្លះឱ្យ​​មាន​អារម្មណ៍​នឹង​ន​ល្អ​ មិន​សូវ​ខ្លាច​ ទើប​ពួក​គាត់​អាច​សម្រាន្ត​លក់​ស្រួល​។

សត្វ​ចិញ្ចឹម​និង​ទំនាក់ទំនង​សង្គម​

សត្វ​មិនចេះ​ថាឱ្យ​​ មិន​ចេះ​​វាយ​តម្លៃ​ម្ចាស់​ទេ។ សត្វ​ស្រលាញ់​ម្ចាស់​ដោយ​គ្មាន​លក្ខខណ្ឌ​ ដោយ​គ្មាន​គិត​អាយុ គិត​ពី​អារម្មណ៍​ និង​ការ​លំបាក​របស់​ម្ចាស់​ឡើយ។ ជា​ការ​ស្រលាញ់​ដោយ​ស្មោះ​ត្រង់​ ទើប​ធ្វើ​ឱ្យ​ម្ចាស់មាន​អារម្មណ៍ថា​​មាន​អ្នក​រង់​ចាំ មាន​អ្នក​ត្រូវ​ការ មិនមែន​រស់​គ្មាន​តម្លៃ​ទេ។ មាន​សត្វចិញ្ចឹម​​ក្នុង​ផ្ទះ​ ប្រៀប​ដូច​មាន​គ្នា​ ពោល​គឺ​ជាផ្នែក​មួយ​នៃ​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ឯកា។

​ចិញ្ចឹម​ឆ្កែ ឆ្មា ទន្សាយ​ សត្វស្លាប ឬ​ក៏​ត្រីក្រិម ​នៅ​ក្នុងផ្ទះ​ អាច​ប្តូរផ្លាស់​ទម្លាប់ ដោយ​ជួយរក្សា​បញ្ញា​ស្មារតី​ឱ្យ​នៅ​រហ័ស​រហួន។ ចិញ្ចឹម​សត្វ​ត្រូវ​មើល​ថែ ​ត្រូវ​ចេះ​រៀប​ចំ​ពេល​វេលា​មួយ​ចំនួន​ដូចជា ត្រូវ​គិត​គូរឱ្យ​​ចំណី​ នាំ​ចេញ​ដើរ​ក្រៅ​ នាំ​ទៅជុះ ថែ​សម្អាតមុជ​ទឹក​ឱ្យ​ នាំ​ទៅ​ពេទ្យ... ការងារ​នេះ​តម្រូវ​ឱ្យ​ម្ចាស់​ប្រុង​ប្រយ័ត្នស្មារតី​ ប្រឹង​ចាំ ប្រឹង​ប្រើ​ខួរក្បាល​ ដែល​ជាការ​​ល្អ​ខ្លាំង​ណាស់​សម្រាប់មនុស្ស​ចាស់​ចូល​ដល់​វ័យ​ជរា។

ក្រៅ​អំពីបំប៉ន​ខួរក្បាល​ ការ​ចិញ្ចឹម​សត្វ​ជា​មិត្ត​ក៏ជា​ឱសថព្យាបាលភាព​​អឹមអៀន។ បណ្តើរ​សត្វដើរ​លេង​​ជា​មធ្យោបាយ​ដ៏​ល្អ​សម្រាប់​ភ្ជាប់​ទំនាក់ទំនង​ជាមួយអ្នក​មិន​ស្គាល់​។ ​និយាយ​សួរ​នាំ​ពី​ ​ឆ្កែ​ ពី​ឆ្មា ពី​សេក​ ពី​សេះ ... ដែល​យើង​ចិញ្ចឹម​ ជា​ប្រធានបទ​ដែល​ស្រួល​ជាង​សួរ​នាំ​ពីជីវិត​ការងារ​របស់​មនុស្ស​ណាម្នាក់។ អ្នកស្រាវជ្រាវ​ខ្លះ​ បាន​លើក​ឡើង​អំពី​គុណប្រយោជន៍​នៃ​ការ​ចិញ្ចឹម​សត្វ​​ចំពោះ​ការ​សិក្សា ដោយ​ពន្យល់​ថា ក្មេង​ជួប​ការ​លំបាក​រៀន​មិន​សូវ​ចេះ​ អាច​រក​ឃើញ​សេចក្តីក្លាហាន​ឡើង​វិញ​ នៅ​ពេល​បាន​ហាត់​រៀន​អាន រៀន​និយាយ​ជាមួយ​សត្វ​ដែល​ខ្លួន​ចិញ្ចឹម​ ព្រោះ​សត្វ​មិន​ចេះ​វាយ​តម្លៃ​ មិន​ចេះ​បន្ទោស​ ឬ​បង្អាប់​ទេ។ នៅក្នុង​ពេល​កំពុង​រៀន វត្តមាន​សត្វ​មិន​ត្រឹម​តែ​អាច​ជួយ​ក្មេង​ឱ្យ​ចេះ​ផ្ចង់​អារម្មណ៍​រៀន​ទេ តែ​ថែម​ទាំង​អាច​បន្ធូរ​សម្ពាធ​និង​ធ្វើ​សមត្ថភាព​សិក្សា​បាន​ប្រសើរ​ឡើង​ទៀត។

បើ​តាម​លោក​បណ្ឌិត Jean-Marc Poupard ដដែល​ ​ការ​ចិញ្ចឹម​សត្វ​ជាមិត្ត​ អាច​ផ្តល់​គុណប្រយោជន៍ ជាពិសេស​ខុសៗ​គ្នា​ទៅ​តាម​វ័យ។ ចំពោះ​កុមារ មាន​សត្វ​ជាមិត្ត​ជាការ​បង្រៀន​ឱ្យ​ក្មេង​ឆាប់​ចេះ​យោគយល់​ និង​គោរព​សេចក្តី ត្រូវ​ការរបស់​សត្វ ព្រមទាំង​ឆាប់​ចេះ​មាន​ទំនួល​ខុស​ត្រូវ​​​ផ្នែក​ថែទាំ​ប្រចាំ​ថ្ងៃ​។ ទំនាក់ទំនង​ជាមួយ​សត្វ​នឹង​ធ្វើ​ឱ្យ​ក្មេង​ឆាប់​ចេះ​និយាយ​ ចេះ​គិត​ស្រមៃ​ច្រើន។

ចំពោះ​មនុស្សចាស់​ជរា​ ការមើល​ថែ​សត្វ​ ជា​ការ​ធានាឱ្យ​មាន​សកម្មភាព​ប្រចាំ​ថ្ងៃ​ មិន​សូវ​មាន​អារម្មណ៍​ឯកា​នៅ​តែ​ឯង​ពេក និង​ជា​ប្រភព​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​ប្រឹង​នៅ​សកម្មមើល​ថែ​មិត្ត បើ​ទោះ​បី​ជា​គ្នា​ជា​សត្វ​ក៏​ដោយ។

អ្នកមាន​សុខភាព​ទន់​ខ្សោយ​ឬ​មាន​ពិការភាព​ នឹង​បាន​ទទួល​ការគាំទ្រ​ផ្លូវ​ចិត្ត​និង​អារម្មណ៍​ធូរ​ស្បើយ​ភ្លាម​បើ​បាន​នៅ​ជាមួយ​សត្វ​ដែល​ខ្លួន​ស្រលាញ់។ ទំនាក់ទំនង​ល្អ​ជាមួយ​សត្វ​ជា​មិត្ត​សម្លាញ់ នឹង​ពង្រឹក​ទំនុក​ចិត្ត​ព្រម​ទាំង​ស្វ័យភាព​របស់ម្ចាស់​​ពិការ​នោះ។ សត្វ​ខ្លះ​ជា​ជំនួយ​ការ ជា​អ្នក​នាំពាក្យ​ ជា​អ្នក​ផ្សារ​ភ្ជាប់​ទំនាក់ទំនាក់ជាមួយ​មនុស្ស​ដទៃ​ធ្វើ​ឱ្យ​ម្ចាស់​ភ្លេច​ភាព​ពិការ​របស់​ខ្លួន​បានខ្លះ។

ចំណែក​ប្រភេទ​សត្វ​ចិញ្ចឹម ក៏​អាច​ផ្តល់​គុណប្រយោជន៍​សុខភាព​ខុសៗ​គ្នាដែរ។ គ្មាន​សត្វ​ណា​ល្អ​ប្រសើរ​ជាង​គេបំផុត​សម្រាប់​សុខភាព​ទេ តែយក​ឆ្កែ​ជាមិត្ត​នឹង​ជួយ​ឱ្យ​មាន​ភាព​ស្វាហាប់ បញ្ចេញ​សកម្មភាព​កាយ​សម្បទា​ អារម្មណ៍​​ជិត​ស្និទ្ធ​ខ្លាំង។ ចិញ្ចឹម​ឆ្មា​ នាំ​មក​នូវ​ភាពស្ងប់​ស្ងាត់​ក្នុង​អារម្មណ៍​និង​ភាព​ស្រទន់​ក្នុង​ផ្ទះ។ ចិញ្ចឹម​ត្រី ទន្សាយ​ ...បង្កើត​ភាព​លួង​លោម​ប្រចាំ​ថ្ងៃ។ល។

ប៉ុន្តែ​ជា​ថ្មី​ម្តងទៀត គុណប្រយោជន៍ដ៏​ច្រើន​យ៉ាង​​នៃសត្វ​​ចិញ្ចឹម​សម្រាប់​សុខភាព អាច​សម្រេច​ទៅ​បាន​អាស្រ័យ​ទៅលើ​ទំនាក់ទំនង​រវាង​សត្វ​និង​ម្ចាស់។ បើ​ចិញ្ចឹម​ដាក់​ក្រៅ​ផ្ទះ គ្មាន​ការ​ថែទាំ​ គ្មាន​យក​ចិត្ត​ទុកដាក់ ប្រកប​ដោយ​អនាម័យ​ ជា​រៀង​រាល់​ថ្ងៃ​​ទេ គុណប្រយោជន៍​ចំពោះ​សុខភាពក៏​គ្មាន​ដែរ៕

All episodes of នាទីសុខភាពនិងអនាម័យ

Settings

Display

Language

Decides which stations you see first on the home page.

History

Recently played stations and episodes and your latest searches are only stored in this browser.

Notifications

A short notice when a podcast you follow has a new episode. Turn off single podcasts with the bell on their page.

Account

Save favorites – in the app and on the website.

Keyboard shortcuts

/
Open search
Space
Play or pause
← →
In the player: back 15 s, forward 30 s (episodes) · in a row: next tile
↑ ↓
In a row: target within the tile
Home / End
In a row: first or last tile
Esc
Close window or menu
?
This overview
Now playing

Go to station page

Play next

    Add episodes with “Play next” – they play after the current episode.