Skip to content

ការ​សិក្សា​ជប៉ុន៖ ចាស់​ទៅ​ធ្វើ​ម្ហូប​ខ្លួន​ឯង ជួយ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​វង្វេង

April 1, 2026 · 9 min

Show notes

អ្នក​ស្រាវជ្រាវជប៉ុន​បាន​សិក្សា​ឃើញ​ថា មនុស្ស​ចាស់​ចូល​ចង្ក្រាន​​ធ្វើ​ម្ហូប​បរិភោគ​ដោយ​ខ្លួន​ឯង​​ មាន​ហានិភ័យ​កើត​ជំងឺ​វង្វេង​ទាប។ ​អ្នក​ដែល​មិន​ធ្លាប់​ធ្វើម្ហូប​អាហារ​ពីក្មេង​ ហើយ​ងាក​មក​​​ផ្តើម​ធ្វើ​ម្ហូប​នៅ​វ័យ​ចំណាស់ កាន់​តែទទួល​បាន​​ផល​ល្អ​ ដោយ​អាច​កាត់​បន្ថយ​គ្រោះភ្លេច​វង្វេង​​​បាន​ច្រើន​ខ្លាំងណាស់ ដល់​ទៅ​៦៧%​ឯណោះ។ តើអ្នកស្រាវជ្រាវ​ អាច​ពន្យល់​អំពី​​ទំនាក់ទំនង​នៃ​​ការ​ធ្វើម្ហូប​និងកា​រកាត់​បន្ថយ​​គ្រោះ​កើត​​ជំងឺ​វង្វេង​វង្វាន់​យ៉ាង​ដូច​ម្តេច?

ដោយ​សារ​តែ​ភាពចាស់​ជរា​នៃ​ប្រជាជន​នៅលើ​ពិភពលោក និង​ដោយហេតុ​តែ​គ្មាន​ថ្នាំ​ព្យាបាល​ឱ្យ​ជា ជំងឺ​វង្វេងវង្វាន់​អាល់ហ្សៃមែរ បាន​ក្លាយ​ជា​បន្ទុក​កាន់​តែ​ធ្ងន់ឡើងៗ​សម្រាប់​សង្គម និង​មនុស្សជាតិ។ ប៉ុន្តែ​អ្នក​ជំនាញ​ដឹង​​ថា ជិត​ពាក់កណ្តាល​នៃ​ករណី​អាល់ហ្សៃមែរ​នៅ​ពិភពលោកអាច​បញ្ចៀស​ និង​ការពារ ឬ​យ៉ាង​ហោច​ណាស់​ក៏​អាច​បង្អូស​ពន្យារ​ពេល​កុំឱ្យ​ឆាប់​​កើតជំងឺ​វង្វេង​​​បានដែរ តាម​រយៈ​វិធី​បង្ការ​ជា​ច្រើន​យ៉ាង។ ដូច្នេះ​យើង​ត្រូវ​ដឹង​និង​ចេះ​ជ្រើសរើស​វិធី​បង្ការ​ទើប​ប្រឹង​ទៅ​​បាន​ផល​។ ការ​ការពារ​ បង្ការ​ជំងឺ​វង្វេង​អាល់ហ្សៃមែរ​ បានក្លាយ​ជា​ប្រធានបទ​នៃ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២៥ របស់​មូលនិធិ​យក​ឈ្នះ​ជំងឺ​វង្វេង​វង្វាន់នៅ​ប្រទេស​បារាំង។

ចុះ​បើ​មាន​​​វិធី​មិន​បាច់​ប្រឹង ​សាមញ្ញ​ ចំណេញ​​ក្រពះ ​​ហើយ​អាច​ជួយ​បង្ការ​និង​កាត់​គ្រោះ​កើត​ជំងឺ​វង្វេងវង្វាន់​ដ៏​គួរ​ខ្លាច​នោះបាន តើ​អ្នក​ស្ម័គ្រ​ធ្វើ​តាម​ទេ?

អ្នកស្រាវជ្រាវ​ជប៉ុនបាន​ចង្អុល​បង្ហាញគន្លង​មួយ​ដែល​ងាយ​ និង​អាច​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ការពារ​ជំងឺ​វង្វេង​វង្វាន់ នោះ​គឺ ការ​ធ្វើ​ម្ហូប​បរិភោគ​ដោយ​ខ្លួន​ឯង។

គុណប្រយោជន៍​នៃ​ការ​ធ្វើម្ហូបចំពោះ​សុខភាព ធ្លាប់​ត្រូវ​បាន​អ្នក​ស្រាវជ្រាវ​លាត​ត្រដាង​​ច្រើន​ មក​ហើយ។ ការ​សិក្សា​ខ្លះ​ បាន​ចាត់​ទុក​ការ​ធ្វើ​ម្ហូប​ជា​យុទ្ធសាស្ត្រ​ដ៏​អស្ចារ្យ​​​សម្រាប់​មាន​សុខភាពល្អ។ បរិភោគ​​ម្ហូប​ធ្វើ​ខ្លួនឯង​នៅ​ផ្ទះ នឹង​នាំ​ឱ្យ​មាន​សុខភាព​ល្អ មិន​ងាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ជំងឺធាត់​ជ្រុល ឬ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង​ និង​ផ្តល់​ផល​ល្អ​​ដល់​ខួរក្បាល។ នៅ​ឆ្នាំ​២០២២​​ ការ​សិក្សា​អូស្រ្តាលី​ក្នុង​ក្របខ័ណ្ឌ​នៃការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ធាត់​ជ្រុល​ចុកខ្លាញ់ បាន​អះអាង​ថា​កា​រធ្វើ​ម្ហូបដោយ​ខ្លួន​ឯង​​ អាច​ជួយស្តារ​​សុខភាពផ្លូវ​ចិត្ត​​ឱ្យ​បាន​ប្រសើរ​ឡើង។ ឥទ្ធិពល​នៃ​សកម្មភាព​​ធ្វើ​ម្ហូប​ចំពោះ​ផាសុកភាព​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត នឹង​ស្តែង​ឡើង​នៅ​៧សប្តាហ៍ បន្ទាប់​ពី​បាន​​ចូល​ចង្ក្រានធ្វើម្ហូប​ដោយ​ទៀង​ទាត់។

តែពេល​នេះ ​អ្នក​វិទ្យាសាស្ត្រ​ជប៉ុនសិក្សា​ឃើញ​ទៀតថា មនុស្ស​ចាស់​ធ្វើ​ម្ហូប​ពិសា​ដោយ​ខ្លួន​ឯង តែ​ម្តង​ក្នុង​មួយសប្តាហ៍ ​គ្រប់គ្រាន់​នឹង​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​អាល់ហ្សៃមែរ​ បាន​មួយ​ភាគបួន​។​ ​ការ​សិក្សា​ជប៉ុននេះមាន​ចុះផ្សាយនៅ​ទំព័រ​ទស្សនាវដ្តី​វិទ្យាសាស្ត្រសុខភាព Journal of Epidemiology and Community Health ​​ថ្ងៃ​ទី ២៤​មីនា​ឆ្នាំ​២០២៦។

​ដើម្បី​អាច​ចេញ​សេចក្តីសន្និដ្ឋាន​ ​ អ្នក​ស្រាវជ្រាវ​ជប៉ុន បាន​សិក្សា​តាមដាន​ក្រុម​មនុស្ស​ចាស់​ជប៉ុន​ អាយុ​ទាប​បំផុត​ ​៦៥​ឆ្នាំ រយៈ​ពេល​៦​ឆ្នាំ​ជាប់​គ្នា (២០១៦-២០២២)។ ជា​លទ្ធផល​ មនុស្ស​ចាស់​ណា​បាន​ចូល​ចង្ក្រាន​ធ្វើ​ម្ហូប​ យ៉ាងហោច​ម្តង​ក្នុង​មួយ​សប្តាហ៍ មាន​ហានិភ័យ​ធ្លាក់​ខ្លួន​ឈឺ​រោគ​វង្វេង​​​ថយ​អស់​ប្រមាណ​ពី​២៣%សម្រាប់​មនុស្ស​ប្រុស ​និង​​២៧%សម្រាប់​មនុស្ស​ស្រី បើ​ប្រៀប​ទៅនឹង​ចាស់​ដែល​មិនចូល​​ធ្វើ​ម្ហូប​សោះ​ ឬ​គ្មាន​ទម្លាប់​ធ្វើ​ម្ហូប​ខ្លួន​ឯង។ គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង​និង​ជា​ពិសេស​ ជាង​នេះ​ទៅ​ទៀត គ្រោះ​កើត​ជំងឺ​អាល់ហ្សៃមែរ បាន​ធ្លាក់​​ទាប​ខ្លាំង (ថយ-៦៧%) ចំពោះ​មនុស្ស​ចាស់​ណា​ដែល​មិន​ធ្លាប់​ធ្វើ​ម្ហូប​ពី​មុន ឬ​មិន​ប្រសប់​​ធ្វើ​ម្ហូប​កាលពី​នៅ​ក្មេង។ និយាយ​បែប​ផ្សេង មិន​ចេះ​ធ្វើ​ម្ហូប​ពី​ក្មេង​តែ​ចាស់​ឡើង​ចូល​ចង្ក្រាន ស្ល​​ពិសា​ខ្លួន​ឯង អាច​កាត់​បន្ថយ​គ្រោះ​ហានិភ័យ​មាន​ជំងឺ​វង្វេង​បាន​ដល់​ទៅ​៦៧%។

ហេតុអ្វី? តាម​​បែប​អេពីដេមីសាស្ត្រ ការ​សិក្សានេះ​មិន​អាច​សន្មត់​ដោយ​ជាក់​លាក់​អំពី​ហេតុ​និង​ផល​នៃ​ទំនាក់ទំនង​រវាង​ការ​ធ្វើ​ម្ហូប​និង​ជំងឺ​វង្វេង​វង្វាន់​បាន​ទេ។ ប៉ុន្តែ​ក្រុម​ស្រាវជ្រាវ​ជប៉ុន​ដឹក​នាំ​ដោយ​លោកស្រីសាស្ត្រាចារ្យ យុកាកូ តានី (Yukako Tani) នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ក្រុង​តូក្យូ បាន​ផ្តល់​សម្មតិកម្ម​ដូច្នេះ​ថា គុណសម្បត្តិ​នៃការ​ធ្វើ​ម្ហូប​ចំពោះ​ជំងឺ​វង្វេងវង្វាន់ ទំនង​ដោយ​សារ​ការ​បញ្ចេញ​សកម្មភាព​ ចលនា​ ផ្នែក​រាង​កាយ និង​ខួរ​ក្បាល។ ធ្វើ​ម្ហូប​តម្រូវ​ឱ្យ​ប្រើ​កម្លាំង​កាយ និ​ងការ​គិត។ ដើម្បី​ធ្វើ​ម្ហូប​បាន​មួយ​ចាន/មុខ គេចាំបាច់​ត្រូវ​ធ្វើ​សកម្មភាព​ច្រើន​យ៉ាង ដូច​ជា​ ​ទៅ​ផ្សារ​ទិញ​បន្លែ​ត្រី​សាច់ រៀប​គ្រឿង​ផ្សំ ត្រូវ​ក្រោក​ឈរ​ក្រោក​អង្គុយ​ ​ ពេល​ឆា ពេល​ស្ល។ រួចនៅ​ពេល​សម្លបាយ​ឆ្អិន​ ​​ត្រូវ​រៀប​ចំ​ទុកដាក់ សម្អាត​ ​ចង្ក្រាន​ចាន​ឆ្នាំង​ទៀត។ លោកស្រី ​យុកាកូ តានី បាន​រំឭកថា ការ​សិក្សា​ស៊ុយអែត កាលពី​ឆ្នាំ​២០២២ ក៏​បាន​លាត​ត្រដាង​ឱ្យ​ឃើញ​ដូច​គ្នា​ថា​សកម្មភាពកំសាន្ត ​ឬ​ការងារ​​ប្រចាំ​សប្តាហ៍​ ដូច​ជា ធ្វើសួន សម្អាត​ផ្ទះ ធ្វើ​ជាង​ សុទ្ធ​តែ​អាច​កាត់​បន្ថយ​ខួរក្បាល​មិន​ឱ្យ​ទ្រុឌទ្រោម​លឿន​ទៅ​តាម​វ័យ។​

ធ្វើ​ម្ហូប​ជា​ការ​បំប៉ន​គំនិត។ ​​ដើម្បី​ស្ល​ចេញ គេ​ត្រូវ​ការប្រើ​បញ្ញា ប្រើ​ខួរក្បាល​ ត្រូវ​គិត​គ្រោង​ រក​មុខ​ម្ហូប ហើយម្ហូប​នោះ​ត្រូវស្លយ៉ាង​ដូចម្តេចបើ​តាម​ក្បួន និង​មាន​លំដាប់​លំដោយ​បែប​ណា ដាក់អ្វីមុន ដាក់​អ្វី​ក្រោយ ចិត​យ៉ាង​ដូច​ម្តេច និង​មាន​គ្រឿង​ផ្សំ​អ្វីខ្លះ ​... ខួរក្បាល​ បញ្ញាស្មារតី បញ្ចេញ​​​សកម្មភាព​ខ្លាំង​នៅ​ពេល​ធ្វើ​ម្ហូប​។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោកស្រី​សាស្ត្រាចារ្យ មក​កាន់​អ្នក​សារព័ត៌មាន ដោយ​បន្ថែម​ថា​ ការធ្វើ​ម្ហូប​នៅ​ផ្ទះ​នឹង​នាំមក​នូវ​ទម្លាប់ល្អ​ក្នុងការ​​ទទួល​ទាន​អាហារមាន​គុណភាព​ មាន​បន្លែផ្លែឈើ​ច្រើន​ និង​គ្រឿង​គីមី ​កែច្នៃ​តិច។ ​ធ្វើ​ម្ហូបខ្លួន​ឯង ជា​ សកម្មភាព​បីបូក​​បញ្ចូល​គ្នា​ គឺ ហូប​អាហារ​មាន​គុណភាព​ខ្ពស់ ​បញ្ចេញ​សកម្មភាព​ផ្លូវកាយ និងការ​ដាស់​បញ្ញា​ (​ប្រើខួរក្បាល)។

ចំពោះលទ្ធផល​សិក្សា​ដែល​បង្ហាញ​ពី​ការ​កាត់​បញ្ចៀស​​គ្រោះ​មនុស្ស​ចាស់​មាន​ជំងឺ​​វង្វេង​បាន​ដល់​ទៅដល់​ទៅ​៦៧%​​ វិញ លោកស្រី យុកាកូ តានី​ បាន​លម្អិត​ថា ​ធ្វើ​ម្ហូប អាច​បំប៉ន​បញ្ញាស្មារតី​ និង​ជា​ការ​ផ្តល់​ឱកាស​ឱ្យ​ខួរក្បាល​បាន​រៀន​សូត្រ​​ដើម្បី​ទ្រទ្រង់​សុខភាព​ខួរក្បាល​។ ហេតុដូច្នេះ​ហើយ​បាន​អ្នក​គ្មាន​បទ​ពិសោធន៍​ខាង​ធ្វើ​ម្ហូប​ តែ​ប្រឹង​ចូល​ចង្ក្រាន​ស្លដោយ​ខ្លួន​ឯង​នៅ​ពេល​ចាស់ចូល​និវត្តន៍​ តែ​ម្តង​ក្នុង​មួយ​សប្តាហ៍​ អាច​កាត់​បន្ថយ​គ្រោះ​មាន​ជំងឺ​ភ្លេច​វង្វេង​បាន​ច្រើន​ ជាង​អ្នក​ចេះ​ធ្វើ​ម្ហូប​ពី​ក្មេង​ ពីព្រោះ​ពួក​គាត់​ខំ​ប្រឹងខ្លាំង​ ប្រឹងប្រើ​ខួរក្បាល​លើស​អ្នក​មាន​ជំនាញ​ខាង​ម្ហូប​អាហារ។

វេជ្ជបណ្ឌិត​​ Catherine Malaplate អ្នក​ស្រាវជ្រាវ​នៅ​មន្ទីរ​ពេទ្យ​និង​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៅ​ក្រុង​ណង់ស៊ី​ប្រទេស​បារាំង មាន​សម្មតិកម្ម​មួយ​ផ្សេង​ទៀត​ ទាក់ទង​នឹង​ការ​ធ្វើ​ម្ហូបដែល​ផ្តល់​គុណប្រយោជន៍​ដល់​សុខភាព​ខួរក្បាល​។ គុណប្រយោជន៍​នោះ​ទំនង​ដោយ​សារ​គុណភាព​នៃ​អាហារ​ ដែលធ្វើ​ដោយ​ខ្លួន​ឯង​នៅ​ផ្ទះ​។ នៅ​ពេលធ្វើ​ម្ហូប​ខ្លួន​​ឯង​ យើង​ច្បាស់​ជា​ប្រើ​របស់​ល្អៗ​ របស់​ស្រស់ៗ សុទ្ធៗ មិនសូវ​កែច្នៃ​ទេ។ គេ​បាន​ដឹង​យ៉ាង​ច្បាស់​ថា​អាហារកែច្នៃ​ អាហារ​ឧស្សាហកម្ម បំផ្លាញ​សុខភាព​ខួរ​ក្បាល​ខ្លាំងណាស់។ ថ្វី​បើ​ការ​សិក្សា​របស់​សាស្ត្រាចារ្យ​ យុកាកូ តានី គ្មាន​ទិន្នន័យ​បញ្ជាក់​អំពី​អ្វី​ដែល​អ្នក​ចូល​រួម​ពិសោធន៍​ពិសា​ក៏​ដោយ ក៏​ជីវវិទូ​បារាំង​ មាន​ជំនឿ​​ថា​ម្ហូប​អាហារ​ក្នុង​ប្រពៃណី​​របស់ជនជាតិជប៉ុន ច្រើន​ផ្សំ​ឡើង​ដោយ ត្រី និង​ជា​ត្រី​សម្បូរ​ជាតិ​ខ្លាញ់​អូមេហ្កា៣។ ជាតិ​អូមេហ្កា៣​នេះ ពូកែចិញ្ចឹម​សរីរាង្គ​​ខួរក្បាល និង​ការពារ​កោសិកានៃ​ប្រព័ន្ធប្រសាទ​ខួរ​ក្បាល​​បាន​ល្អ​ណាស់ ពោល​គឺ​ខួរក្បាល​នឹងមាន​ដំណើរ​ការ​ល្អ ហើយ​អាច​ពន្យឺត​រោគ​សញ្ញា​នៃ​ភាព​ទ្រុឌទ្រោម​ ភ្លេច​ភ្លាំង​និងវង្វេង​បាន។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នក​ស្រី​Catherine Malaplateដដែល។ ចំណែក​​​នាយិកា​មូលនិធិ​យក​ឈ្នះ​ជំងឺ​អាល់ហ្សៃមែរ​វិញ ចំណី​អាហារ​មិន​ស្ថិត​នៅក្នុងចង្កោម​​​កត្តា​ហានិភ័យក្រៅ​ខ្លួន​​បង្ក​ជំងឺ​វង្វេងវង្វាន់ចំនួន​១៤មែន ប៉ុន្តែ​ម្ហូប​អាហារ​អាច​ចាត់​ទុក​បាន​ថា​កត្តាហានិភ័យ​មិន​ផ្ទាល់​ នៃ​ជំងឺ​អាល់ហ្សៃមែរ។ ហេតុ​ដូច្នេះបាន​ជាការ​សិក្សារបស់​លោកស្រី យុកាកូ តានី មិន​អាចកំណត់​​សេចក្តី​សន្និដ្ឋាន​ច្បាស់ៗ តែ​ក៏​ឡូស៊ិកដែរ​ និង​ត្រូវ​សាកល្បង​នៅ​តាម​បណ្តា​ប្រទេ​ស​បស្ចិម​លោក​ជាច្រើន​ទៀត ដែល​មាន​របប​អាហារ​បែប​ផ្សេង​ពី​ជប៉ុន៕

All episodes of នាទីសុខភាពនិងអនាម័យ

Settings

Display

Language

Decides which stations you see first on the home page.

History

Recently played stations and episodes and your latest searches are only stored in this browser.

Notifications

A short notice when a podcast you follow has a new episode. Turn off single podcasts with the bell on their page.

Account

Save favorites – in the app and on the website.

Keyboard shortcuts

/
Open search
Space
Play or pause
← →
In the player: back 15 s, forward 30 s (episodes) · in a row: next tile
↑ ↓
In a row: target within the tile
Home / End
In a row: first or last tile
Esc
Close window or menu
?
This overview
Now playing

Go to station page

Play next

    Add episodes with “Play next” – they play after the current episode.